លោក ដូណាល់ ត្រាំ ថាយន្ដហោះចម្បាំង៥គ្រឿង ត្រូវបានបាញ់ទម្លាក់ក្នុងជម្លោះឥណ្ឌា-ប៉ាគីស្ថាន (Video inside)
19-07-2025 10:17
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រ ទី១៨ ខែកក្កដាថាមានយន្ដហោះចម្បាំង ៥គ្រឿងត្រូវបានបាញ់ទម្លាក់ក្នុងជម្លោះ រវាងឥណ្ឌា និងប៉ាគីស្ថាន ដែលបានផ្ទុះឡើងក្រោយការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់កាស្មៀប៉ែកគ្រប់គ្រងដោយឥណ្ឌា ហើយស្ថានការណ៍បានស្ងប់ស្ងាត់ ទៅវិញ បន្ទាប់ពីមានបទឈប់បាញ់មួយកាលពីខែឧសភា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះអំឡុងពិសារអាហារពេលល្ងាចជាមួយតំណាងរាស្ត្រអាមេរិកមួយចំនួនមកពីគណបក្សសាធារណរដ្ឋនៅឯសេតវិមាន។ លោក ត្រាំ បានលើកឡើងដូច្នេះថា «ជាការពិតណាស់ យន្ដហោះចម្បាំងត្រូវបានបាញ់ទម្លាក់...ខ្ញុំគិតថាមានយន្ដហោះចម្បាំង ៥គ្រឿងត្រូវបានបាញ់ទម្លាក់»។ ក៏ប៉ុន្តែ លោកមិនបានបញ្ជាក់ឱ្យច្បាស់ថាតើយន្ដហោះចម្បាំងទាំងនោះជារបស់ប៉ាគីស្ថាន ឬឥណ្ឌានោះទេ?
គួរបញ្ជាក់ថា ប៉ាគីស្ថានធ្លាប់បានអះអាងថាខ្លួនបានបាញ់ទម្លាក់យន្ដហោះចម្បាំង ៥គ្រឿងរបស់ឥណ្ឌា ក្នុងការវាយប្រយុទ្ធគ្នានៅលើអាកាស។ តែខាងឥណ្ឌា បានច្រានចោលការអះអាងនេះ៕