UPDATE: ចំនួនអ្នកស្លាប់កើនដល់៣៧នាក់ និងបន្តបាត់ខ្លួន៥នាក់ ក្នុងករណីក្រឡាប់ទូកទេសចរណ៍នៅតំបន់ Halong Bay ប្រទេសវៀតណាម (Video inside)

20-07-2025 09:38

(ហាណូយ)៖ នៅថ្ងៃអាទិត្យ ទី២០ ខែកក្កដា ក្រុមអ្នកសង្រ្គោះកំពុងស្ទុះស្ទាស្វែងរកអ្នកបាត់ខ្លួន៥នាក់ទៀត បន្ទាប់ពីមនុស្ស៣៧នាក់ បានស្លាប់នៅពេលទូកទេសចរណ៍១គ្រឿង បានក្រឡាប់លិចនៅតំបន់ឆកសមុទ្រ Halong ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយប្រចាំប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាម បានឱ្យដឹងថា ទូកទេសចរណ៍ឈ្មោះថា Wonder Sea ផ្ទុកអ្នកដំណើរសរុប៤៨នាក់ ដែលភាគច្រើនជាគ្រួសារអ្នកទេសចរមកពីរដ្ឋធានីហាណូយ រួមជាមួយក្រុមការងារទូក៥នាក់ បានជួបឧបទ្ទវហេតុខាងលើ កាលពីរសៀលថ្ងៃសៅរ៍សប្តាហ៍នេះ ដោយសារតែនៅសុខៗស្រាប់តែមានព្យុះភ្លៀងខ្លាំងភ្លាមៗ។ មនុស្ស១១នាក់ដែលនៅរស់ ត្រូវបានជួយសង្រ្គោះ ខណៈសាកសព៣៧នាក់ត្រូវស្រង់បាន ក្នុងនោះ៣នាក់ ជាបុគ្គលិកទូក។ សម្រាប់អ្នកបន្តបាត់ខ្លួន គឺមាន៣នាក់ជាភ្ញៀវទេសចរ និង២នាក់ជាបុគ្គលិកទូក។

គួរបញ្ជាក់ថា ក្នុងខែកក្កដាដដែលនេះ ក៏ទើបតែមានករណីលិចស្រឡាង១គ្រឿង នៅក្បែរឆ្នេរកោះទេសចរណ៍ដ៏ពេញនិយមរបស់​ប្រទេសឥណ្ឌូណេស៉ី គឺកោះ Bali ផងដែរ ដោយសោកនាដកម្មនោះ បានផ្តាច់ជីវិតមនុស្សយ៉ាងហោច១៨នាក់៕