អតីតប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ត្រូវបានចោទប្រកាន់បន្ថែមទៀត ខណៈការស៉ើបអង្កេតលើរូបលោកកំពុងបន្ត (Video inside)

20-07-2025 12:19

(សេអ៊ូល)៖ កាលពីថ្ងៃសៅរ៍ ទី១៩ ខែកក្កដា អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដែលកំពុងជាប់ឃុំឃាំង ត្រូវបានចោទប្រកាន់ពីបទល្មើសបន្ថែមទៀត ខណៈដែលរដ្ឋអាជ្ញាពិសេសបន្តស៉ើបអង្កេតលើរូបលោក ពាក់ព័ន្ធការប្រកាសច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាស កាលពីខែធ្នូ ឆ្នាំមុន អំឡុងពេលលោកនៅកាន់អំណាច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការិយាល័យរដ្ឋអាជ្ញាកូរ៉េខាងត្បូង បាននិយាយថា បទចោទប្រកាន់ថ្មីៗទាំងនោះ រួមមានដូចជាការប្រើប្រាស់អំណាចដោយរំលោភបំពាន ដើម្បីបង្កឧបសគ្គចំពោះការអនុវត្តសិទ្ធិរបស់អ្នកដទៃ ការបញ្ជាឱ្យលុបកំណត់ត្រាផ្សេងៗ និងការរារាំងការអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន។ មុនរងការចោទប្រកាន់ខាងលើ ធ្វើឡើងដោយរដ្ឋអាជ្ញាពិសេស ដែលប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក Lee Jae Myung បានតែងតាំងកាលពីខែមិថុនា ដើម្បីទទួលបន្ទុកសំណុំរឿងប្រឆាំងលោក Yoon អតីតប្រធានាធិបតីរូបនេះ បានស្ថិតក្រោមដំណើការជំនុំជម្រះក្តីរួចស្រេចទៅហើយ ក្រោមបទចោទប្រកាន់ដឹកនាំការបះបោរ ដែលប្រឈមនឹងទោសជាប់ពន្ធនាគារអស់មួយជីវិត ឬប្រហារជីវិតតែម្តង។

គួរបញ្ជាក់ថា លោក Yoon បានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តខុសអ្វីទាំងអស់។ អតីតប្រធានាធិបតី ដែលត្រូវបានទម្លាក់ពីអំណាចរូបនេះ បាននិងកំពុងជាប់ឃុំឃាំង ក្នុងពន្ធនាគារទីក្រុងសេអ៊ូល ចាប់តាំងពីសប្តាហ៍មុនមក ហើយក្នុងសប្តាហ៍នេះតុលាការកូរ៉េខាងត្បូង បានច្រានចោលសំណើរបស់លោក ដែលចង់បានការដោះលែងឱ្យស្ថិតនៅក្រៅឃុំ៕