លោក ហ្សេលេនស្គី ស្នើបើកកិច្ចចរចាជុំថ្មីជាមួយរុស្ស៉ីនៅសប្តាហ៍ក្រោយ ដើម្បីស្វែងរកបទឈប់បាញ់ឱ្យបានឆាប់ (Video inside)
20-07-2025 14:25
(កៀវ)៖ កាលពីថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ទីក្រុងកៀវបានបញ្ជូនសំណើទៅកាន់ទីក្រុងមូស្គូ ដើម្បីបើកកិច្ចចរចាសន្តិភាពជុំថ្មីនៅសប្តាហ៍ក្រោយ ហើយលោកបានអះអាងថា លោកចង់ពន្លឿនការចរចាស្វែងរកបទឈប់បាញ់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រុមមន្រ្តីអ៊ុយក្រែននិងរុស្ស៉ី បានបើកកិច្ចពិភាក្សា២លើកនៅទីក្រុងអ៉ីស្តង់ប៊ូលនៃប្រទេសតួកគី ក្នុងឆ្នាំ២០២៥នេះ ដែលជាលើកដំបូង គិតចាប់តាំងពីខែមីនា ឆ្នាំ២០២២មក។ អំឡុងកិច្ចពិភាក្សាទាំង២ជុំនោះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការដោះដូរឈ្លើយសឹក ប៉ុន្តែមិនទាន់អាចសម្រេចបានវឌ្ឍនភាពអ្វី ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាម ដែលបានបន្តអូសបន្លាយរយៈពេលជិត៣ឆ្នាំកន្លះ ចាប់តាំងតែពីខែមីនា ឆ្នាំ២០២២ នៅឡើយទេ។
លោក ហ្សេលេនស្គី បាននិយាយថា អ្វីៗគ្រប់យ៉ាងគួរតែត្រូវធ្វើឡើង ដើម្បីសម្រេចឱ្យបានបទឈប់បាញ់មួយ ហើយភាគរុស្ស៉ីគួរតែឈប់គេចវេះពីការសម្រេចចិត្តតទៅទៀត។ តាមលោក ហ្សេលេនស្គី លោក Rustem Umerov ដែលបានដឹកនាំប្រតិភូអ៊ុយក្រែន ក្នុងកិច្ចចរចាទាំង២លើកនៅអ៉ីស្តង់ប៊ូល បានផ្ញើទៅកាន់ភាគីរុស្ស៉ីនូវសំណើដើម្បីរៀបចំជំនួបថ្មីបន្ទាប់ នៅសប្តាហ៍ក្រោយ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បានប្រើពាក្យសម្តីមុតស្រួចជាងមុនដាក់រុស្ស៉ី ចំពេលមានការវាយប្រហារតាមផ្លូវអាកាសកាន់តែចាស់ដៃ លើទីក្រុងរបស់អ៊ុយក្រែន ក្នុងខែកក្កដានេះ បានគំរាមដាក់ទណ្ឌកម្មឱ្យធ្ងន់លើរុស្ស៉ី ប្រសិនបើរុស្ស៉ីមិនអាចឈានដល់ កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន ក្នុងរយៈពេល៥០ថ្ងៃទេនោះ៕