គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រវាយប្រហារតំបន់ Kamchatka របស់រុស្ស៊ី
20-07-2025 19:06
(Kamchatka)៖ គ្រោះរញ្ជួយដីដ៏ខ្លាំងមួយដែលមានកម្រិត ៧.៤ រ៉ិចទ័រ បានវាយប្រហារនៅក្បែរឆ្នេរសមុទ្រនៃតំបន់ Kamchatka ភាគខាងកើតនៃប្រទេសរុស្ស៊ី នៅថ្ងៃអាទិត្យនេះ។ នេះបើយោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដី ដែលបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
គ្រោះរញ្ជួយដីបានកើតឡើងនៅ ល្ងាចថ្ងៃអាទិត្យ ម៉ោងប្រហែល ៦:៤៩ នាទី ម៉ោងនៅក្នុងតំបន់ Kamchatka ប្រទេសរុស្ស៊ី។
ទីភ្នាក់ងារស្រាវជ្រាវភូគព្ភសាស្ត្រអាល្លឺម៉ង់ (GFZ) បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅជម្រៅ ១០គីឡូម៉ែត្រ នៅឆ្នេរសមុទ្រភាគខាងកើតនៃតំបន់ Kamchatka មិនយូរប៉ុន្មានបន្ទាប់ពីមានការរញ្ជួយដីមួយផ្សេងទៀតបានកើតឡើង។
ដំបូងឡើយ មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិរបស់សហរដ្ឋអាមេរិក បានចេញការព្រមានមួយសម្រាប់រដ្ឋហាវ៉ៃ ប៉ុន្តែត្រូវបានលុបចោលវិញភ្លាមៗ។ ក្រោយមក ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS ក៏បានរាយការណ៍ផងដែរថា ការព្រមានពីរលកយក្សស៊ូណាមិសម្រាប់តំបន់ Kamchatka ក៏ត្រូវបានដកចេញវិញដែរ។ មុនពេលការដកចេញនេះ គេបានរំពឹងថានឹងមានរលកកម្ពស់រហូតដល់ ៦០សង់ទីម៉ែត្រ វាយប្រហារលើតំបន់មួយចំនួន៕