ជប៉ុន៖ សម្ព័ន្ធបក្សកាន់អំណាច អាចនឹងបាត់បង់សំឡេងភាគច្រើននៅព្រឹទ្ធសភា នេះបើយោងតាមការស្ទង់មតិ

20-07-2025 19:37

(តូក្យូ)៖ ការស្ទង់មតិក្រោយការបោះឆ្នោតព្រឹទ្ធសភាកាលពីថ្ងៃអាទិត្យ បានបង្ហាញថា សម្ព័ន្ធមិត្តកាន់អំណាចរបស់ជប៉ុន ទំនងជានឹងបាត់បង់សំឡេងភាគច្រើនរបស់ខ្លួន។ លទ្ធផលនេះអាចនឹងនាំទៅរកភាពចលាចលផ្នែកនយោបាយ ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងថ្ងៃផុតកំណត់ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

គណបក្សប្រជាធិបតេយ្យសេរី (LDP) របស់នាយករដ្ឋមន្ត្រី Shigeru Ishiba និងគណបក្សសម្ព័ន្ធមិត្ត Komeito ត្រូវការអាសនៈចំនួន ៥០ ដើម្បីរក្សាការគ្រប់គ្រង។ ទោះយ៉ាងណា ការស្ទង់មតិដោយប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK បានព្យាករណ៍ថា ពួកគេអាចនឹងទទួលបានត្រឹមតែពី ៣២ ទៅ ៥១អាសនៈប៉ុណ្ណោះ។ លទ្ធផលនេះនឹងដាក់សម្ពាធបន្ថែមទៀតលើរដ្ឋាភិបាលឯកត្តជន ដែលកំពុងរង្គោះរង្គើរបស់លោក Ishiba ដែលបានបាត់បង់ការគ្រប់គ្រងនៅសភាជាន់ទាប កាលពីខែតុលារួចទៅហើយ។

មូលហេតុចម្បងដែលនាំឲ្យមានការធ្លាក់ចុះប្រជាប្រិយភាពនេះ គឺការមិនពេញចិត្តរបស់ប្រជាជនចំពោះការកើនឡើងនៃតម្លៃទំនិញ ជាពិសេសតម្លៃអង្ករ។ គណបក្សប្រឆាំងបានទាញយកប្រយោជន៍ពីបញ្ហានេះ ដោយបានសន្យាកាត់បន្ថយពន្ធលើការប្រើប្រាស់ ខណៈដែលគណបក្ស LDP បានបដិសេធ ដោយសារតែមានការព្រួយបារម្ភពីបំណុលសាធារណៈដ៏ធំរបស់ប្រទេស។

គួរបញ្ជាក់ថា ការបាត់បង់សំឡេងភាគច្រើននេះ នឹងធ្វើឲ្យរដ្ឋាភិបាលរបស់លោក Ishiba កាន់តែងាយរងគ្រោះនឹងញត្តិមិនទុកចិត្ត ដែលអាចឈានទៅដល់ការដួលរលំ និងការបោះឆ្នោតសកលជាថ្មី។ ទាំងអស់នេះកើតឡើងក្នុងពេលដែលជប៉ុនកំពុងប្រឈមមុខនឹងឱសានវាទ នៅថ្ងៃទី១ ខែសីហា ដើម្បីសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បើមិនដូច្នេះទេ នឹងត្រូវប្រឈមមុខនឹងពន្ធនាំចូលដ៏ធ្ងន់ធ្ងរ៕