ការបាញ់ប្រហារនៅទីតាំងចែកជំនួយនៅហ្គាហ្សា សម្លាប់មនុស្សជិត ៧០នាក់ ខណៈបញ្ហាអត់ឃ្លានកាន់តែធ្ងន់ធ្ងរ

20-07-2025 22:11

(ហ្គាហ្សា)៖ ក្រសួងសុខាភិបាលហ្គាហ្សាបានរាយការណ៍ថា មនុស្សយ៉ាងតិច ៦៧នាក់ ត្រូវបានសម្លាប់ដោយការបាញ់ប្រហាររបស់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ខណៈដែលពួកគេកំពុងប្រមូលផ្តុំគ្នាក្នុងស្ថានភាពអស់សង្ឃឹម ដើម្បីរង់ចាំជំនួយស្បៀងអាហារពីអង្គការសហប្រជាជាតិនៅភាគខាងជើងតំបន់ហ្គាហ្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។

ឧបទ្ទវហេតុនេះបានកើតឡើងម្តងហើយម្តងទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលគូសបញ្ជាក់ពីវិបត្តិអត់ឃ្លានដ៏ធ្ងន់ធ្ងរដែលកំពុងកើតមាននៅហ្គាហ្សា។ កាលពីថ្ងៃសៅរ៍ ក៏មានមនុស្ស ៣៦នាក់ត្រូវបានសម្លាប់ក្នុងស្ថានភាពស្រដៀងគ្នានេះដែរ។ ការវាយប្រហារដ៏សាហាវនេះបានកើតឡើង ខណៈដែលប្រជាជនដែលស្រេកឃ្លាន ប្រថុយជីវិតដើម្បីទទួលបានគ្រឿងផ្គត់ផ្គង់ដ៏ចាំបាច់។

ជាការឆ្លើយតប យោធាអ៊ីស្រាអែលបានអះអាងថា កងទ័ពរបស់ខ្លួនបានបាញ់ព្រមានទៅកាន់ហ្វូងមនុស្សរាប់ពាន់នាក់ ដើម្បីដោះស្រាយនូវអ្វីដែលខ្លួនហៅថាជា «ការគំរាមកំហែងភ្លាមៗ»។ យោធាអ៊ីស្រាអែលបានបន្ថែមថា ការស៊ើបអង្កេតបឋមបង្ហាញថា តួលេខអ្នកស្លាប់អាចត្រូវបានបំប៉ោង ហើយខ្លួន «មិនមានចេតនាកំណត់គោលដៅលើរថយន្តដឹកជំនួយមនុស្សធម៌នោះទេ»

ទន្ទឹមនឹងនេះ អ៊ីស្រាអែលក៏បានចេញបញ្ជាឲ្យមានការជម្លៀសខ្លួនជាថ្មីនៅតំបន់ Deir al-Balah ដែលជាតំបន់ពោរពេញទៅដោយជនភៀសខ្លួនរាប់សែននាក់ ដែលនេះកាន់តែធ្វើឲ្យស្ថានភាពមនុស្សធម៌ដ៏អាក្រក់រួចហើយកាន់តែអាក្រក់ទៅទៀត។ ប្រភពពីអ៊ីស្រាអែលបានលើកឡើងថា មូលហេតុដែលកងទ័ពមិនទាន់ចូលតំបន់នោះ គឺដោយសារសង្ស័យថាក្រុមហាម៉ាសអាចកំពុងឃុំខ្លួនចំណាប់ខ្មាំងនៅទីនោះ។ ក្រុមគ្រួសារចំណាប់ខ្មាំងបានចេញសេចក្តីថ្លែងការណ៍មួយទាមទារឲ្យមានការបំភ្លឺ ដោយបានសួរថា «តើមាននរណាអាចធានាបានថា ការសម្រេចចិត្តនេះនឹងមិនធ្វើឲ្យយើងបាត់បង់មនុស្សជាទីស្រលាញ់របស់យើង?»