ក្រុមចម្រុះរបស់នាយករដ្ឋមន្ត្រីជប៉ុន បាត់បង់ការគ្រប់គ្រងសភាជាន់ខ្ពស់ (Video inside)
21-07-2025 09:45
(តូក្យូ)៖ រដ្ឋាភិបាលចម្រុះកាន់អំណាចរបស់ជប៉ុន បានបាត់បង់ការគ្រប់គ្រងសភាជាន់ខ្ពស់ ឬព្រឹទ្ធសភា នៅក្នុងការបោះឆ្នោតមួយកាលពីថ្ងៃអាទិត្យ ទី២០ ខែកក្កដា ដែលនេះនឹងធ្វើឱ្យអំណាចរបស់ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba កាន់តែធ្លាក់ចុះទន់ខ្សោយបន្ថែម បើទោះជាលោកប្ដេជ្ញាបន្តកាន់តំណែងជាមេដឹកនាំគណបក្សរបស់លោកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ខណៈលទ្ធផលបោះឆ្នោតនឹងមិនកំណត់ដោយផ្ទាល់ថាតើរដ្ឋាភិបាលចម្រុះរបស់លោក Ishiba នឹងដួលរលំ ឬក៏អត់ក៏ពិតមែន តែវានឹងបន្ថែមការដាក់សម្ពាធលើមេដឹកនាំជប៉ុនរូបនេះដែលបានបាត់បង់ ការគ្រប់គ្រងសភាជាន់ទាប ឬរដ្ឋសភារួចទៅហើយក្នុងការបោះឆ្នោតកាលពីខែតុលា ឆ្នាំ២០២៤។ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ មានអាសនៈ១២៥ ក្នុងចំណោមអាសនៈសរុប២៤៨ នៃព្រឹទ្ធសភាជប៉ុនត្រូវបានដាក់ឱ្យបោះឆ្នោតសម្រាប់អាណត្តិថ្មី។ ក្រុមចម្រុះត្រូវការអាសនៈចំនួន ៥០ ដើម្បីគ្រប់គ្រងព្រឹទ្ធសភា។ ប៉ុន្តែលទ្ធផលចេញផ្សាយដោយទូរទស្សន៍ជប៉ុន NHK បានបង្ហាញថា ពួកគេទទួលបានអាសនៈតែ ៤៧ប៉ុណ្ណោះ ក្នុងនោះគណបក្សប្រជាធិបតេយ្យសេរីនិយម ឬ LDP របស់លោក Ishiba ទទួលបាន៣៩អាសនៈ និងគណបក្ស Komeito ជាដៃគូទទួលបាន ៨អាសនៈ ដែលនេះមានន័យថាពួកគេមានសមាជិកព្រឹទ្ធសភា ១២២នាក់។
គួរបញ្ជាក់ថា លោក Shigeru Ishiba ក៏បានទទួលស្គាល់លទ្ធផលបោះឆ្នោតផងដែរ ជាមួយការសង្កត់ធ្ងន់ថាលោកនឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី ដើម្បីបន្តកិច្ចចរចាពាណិជ្ជកម្មជាមួយ សហរដ្ឋអាមេរិក៕