វិមានក្រឹមឡាំង ថាលោក ពូទីន ត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាពីសន្តិភាពនៅអ៊ុយក្រែន តែចង់សម្រេចគោលដៅសិន (Video inside)
21-07-2025 10:14
(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីសន្តិភាពនៅអ៊ុយក្រែន ប៉ុន្តែវត្ថុបំណងចម្បងរបស់មូស្គូ នោះគឺ សម្រេចឱ្យបាននូវគោលដៅរបស់ខ្លួន។ នេះបើតាមវិមានក្រឹមឡាំង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងប្រាប់ទូរទស្សន៍រដ្ឋរុស្ស៉ីកាលពីថ្ងៃអាទិត្យ ទី២០ ខែកក្កដា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថាពិភពលោកបានសុំាទៅហើយ ចំពោះពាក្យសម្ដីធ្ងន់ៗមួយចំនួនរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ប៉ុន្តែបើតាមលោក Peskov លោក ត្រាំ ក៏បានគូសបញ្ជាក់ផងដែរនៅក្នុង ការអត្ថាធិប្បាយជាច្រើនពាក់ព័ន្ធនឹងរុស្ស៉ីថារូបលោកនឹងបន្តស្វែងរកកិច្ចព្រមព្រៀងសន្តិភាព។
«លោកប្រធានាធិបតី ពូទីន បានលើកឡើងម្ដងហើយម្ដងទៀតពីបំណងប្រាថ្នារបស់លោកក្នុងការស្វែងរកសន្តិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ តែនេះជាដំណើរផ្លូវដ៏វែងឆ្ងាយមួយ និងមិនងាយស្រួលនោះទេ»។ នេះជាការបញ្ជាក់របស់លោក Peskov ដោយបន្ថែមថា «វត្ថុបំណងចម្បងរបស់យើង គឺសម្រេចឱ្យបាននូវគោលដៅរបស់យើង»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្ដាហ៍មុន លោក ដូណាល់ ត្រាំ បានគំរាមយកពន្ធគយ ១០០ភាគរយលើរុស្ស៉ី និងបណ្ដាប្រទេសទាំងឡាយណាដែលទិញប្រេង ឬធ្វើពាណិជ្ជកម្មជាមួយរុស្ស៉ី ព្រមទាំងប្រកាសបញ្ជូនអាវុធបន្ថែមឱ្យអ៊ុយក្រែន។ លោក ត្រាំ បានទុកពេលឱ្យរុស្ស៉ី ៥០ថ្ងៃ ដើម្បីទទួលយកបទឈប់បាញ់ បើពុំដូច្នោះទេ រុស្ស៉ីនឹងត្រូវជាប់ទណ្ឌកម្មនេះ៕