លោក ត្រាំ សន្យាជួយជនភៀសខ្លួនអាហ្វហ្កានីស្ថាន​ ដែលជាប់ឃុំនៅអេមីរ៉ាត់អារ៉ាប់រួម ក្រោយការដកកងទ័ពអាមេរិក (Video inside)

21-07-2025 11:33

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា លោកនឹងជួយជនជាតិអាហ្វហ្កានីស្ថានដែលជាប់ឃុំនៅអេមីរ៉ាត់អារ៉ាប់រួមអស់រយៈពេលច្រេីនឆ្នាំ ក្រោយពួកគេភៀសខ្លួនចេញពីប្រទេសនៅពេលដែលសហរដ្ឋអាមេរិកដកកងទ័ព ហើយក្រុមតាលីបង់ចូលមកគ្រប់គ្រងអាហ្វហ្កានីស្ថាន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ ២០២៥។

លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social ភ្ជាប់ជាមួយនិងអត្ថបទមួយស្តីពីជនជាតិអាហ្វហ្គានីស្ថានដែលជាប់ឃុំនៅទីនោះថា «ខ្ញុំនឹងព្យាយាមជួយសង្គ្រោះពួកគេ ដោយចាប់ផ្តើមពីឥឡូវនេះ»

លោក ត្រាំ ក៏បានលេីកឡេីងដោយដកស្រង់ប្រភពពីគេហទំព័រព័ត៌មាន Just the News ថាមន្ត្រីអេមីរ៉ាត់អារ៉ាប់រួម កំពុងរៀបចំប្រគល់ជនភៀសខ្លួនអាហ្វហ្គានីស្ថានមួយចំនួនទៅឱ្យក្រុមតាលីបង់វិញផងដែរ។ ប៉ុន្តែ Reuters មិនទាន់បញ្ជាក់ពីរបាយការណ៍នោះទេ ខណៈដែលក្រសួងការបរទេសអាមេរិក ក៏មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយ។

គួរបញ្ជាក់ថា អេមីរ៉ាត់អារាប់រួម ដែលជាដៃគូសន្តិសុខដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិកបានយល់ព្រមក្នុងឆ្នាំ ២០២១ ដើម្បីទទួលជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់ដែលត្រូវបានជម្លៀសពីទីក្រុងកាប៊ុល ឱ្យស្នាក់នៅបណ្តោះអាសន្ន នៅគ្រាដែរក្រុមតាលីបង់បានបណ្តេញរដ្ឋាភិបាលគាំទ្រដោយសហរដ្ឋអាមេរិក៕