ក្រសួងសុខាភិបាលហ្គាហ្សា៖ គ្រោះអត់ឃ្លានបានសម្លាប់មនុស្ស ៨៦នាក់នៅហ្គាហ្សា ក្នុងនោះមានកុមារ ៧៦នាក់ (Video inside)
21-07-2025 19:22
(ហ្គាហ្សា)៖ ក្រសួងសុខាភិបាលហ្គាហ្សា បានចេញរបាយការណ៍ដ៏សោកសៅមួយ កាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ថា មនុស្សយ៉ាងតិច ៨៦នាក់ ដែលក្នុងនោះមានកុមាររហូតដល់ ៧៦នាក់ បានស្លាប់ដោយសារការអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥។
ក្រសួងបានចោទប្រកាន់ថា វិបត្តិនេះគឺបណ្តាលមកពីការបិទផ្លូវដោយចេតនារបស់អ៊ីស្រាអែល ដែលបានរារាំងជំនួយមនុស្សធម៌មិនឲ្យចូលក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានហៅវិបត្តិនេះថាជា «ការសម្លាប់រង្គាលដោយស្ងៀមស្ងាត់» ដែលកំពុងកើតឡើងនៅក្នុងដែនដីដែលត្រូវបានបិទផ្លូវ ហើយបានចាត់ទុកថា ទាំងអ៊ីស្រាអែល និងសហគមន៍អន្តរជាតិ ត្រូវទទួលខុសត្រូវចំពោះស្ថានភាពមនុស្សធម៌ដ៏អាក្រក់មួយនេះ។ របាយការណ៍បានគូសបញ្ជាក់ពីភាពបន្ទាន់នៃវិបត្តិនេះ ដោយកត់សម្គាល់ថា មនុស្ស ១៨នាក់បានស្លាប់ ដោយសារការអត់ឃ្លាន ត្រឹមតែក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះប៉ុណ្ណោះ។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២ ខែមីនា អ៊ីស្រាអែលបានបិទច្រកព្រំដែនទាំងអស់នៃតំបន់ហ្គាហ្សា ដែលបានកាត់ផ្តាច់ការចូលទៅកាន់ជំនួយមនុស្សធម៌ និងធ្វើឲ្យគ្រោះអត់ឃ្លានរីករាលដាលកាន់តែលឿន។ វាគឺជាផ្នែកមួយនៃយុទ្ធនាការយោធាដែលបានចាប់ផ្តើមតាំងពីខែតុលា ឆ្នាំ២០២៣ ដែលបានបណ្តាលឲ្យប្រជាជនប៉ាឡេស្ទីនជិត ៥៩,០០០នាក់ស្លាប់ និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅហ្គាហ្សាស្ទើរតែទាំងស្រុង៕