អ៊ីស្រាអែល បញ្ជូនរថក្រោះចូលក្រុង Deir Al-Balah ជាលើកដំបូង, បង្កក្តីបារម្ភពីសុវត្ថិភាពចំណាប់ខ្មាំង
21-07-2025 19:43
(ហ្គាហ្សា)៖ រថក្រោះអ៊ីស្រាអែលបានរុលចូលទៅក្នុងតំបន់ភាគខាងត្បូង និងខាងកើតនៃទីក្រុង ដេអ៊ែរ អាល់-បាឡាហ៍ (Deir Al-Balah) ក្នុងតំបន់ហ្គាហ្សា ជាលើកដំបូងកាលពីថ្ងៃចន្ទ។ ការរុលចូលនេះបានកើតឡើងនៅតំបន់ដែលប្រភពអ៊ីស្រាអែលជឿថា ជាកន្លែងដែលចំណាប់ខ្មាំងមួយចំនួនអាចកំពុងត្រូវបានឃុំឃាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។
មន្ត្រីសុខាភិបាលហ្គាហ្សាបានរាយការណ៍ថា ការបាញ់ប្រហារពីរថក្រោះបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៣នាក់ និងបានវាយប្រហារផ្ទះ ៨ខ្នង និងវិហារឥស្លាម ៣កន្លែង។ ការវាយប្រហារនេះបានជំរុញឲ្យគ្រួសារជាច្រើនដែលនៅសេសសល់ បង្ខំចិត្តរត់ភៀសខ្លួន បន្ទាប់ពីយោធាបានចេញបញ្ជាឲ្យពួកគេចាកចេញកាលពីថ្ងៃអាទិត្យ។
ទន្ទឹមនឹងនេះ ការវាយប្រហារផ្លូវអាកាសមួយទៀតនៅទីក្រុង ខាន់ យូនីស (Khan Younis) ក៏បានសម្លាប់មនុស្សយ៉ាងតិច ៥នាក់នៅក្នុងតង់មួយផងដែរ។ ប្រតិបត្តិការយោធានេះ បានបង្កការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមក្រុមគ្រួសាររបស់ចំណាប់ខ្មាំង ដែលបានទាមទារឲ្យយោធាពន្យល់ពីវិធីសាស្ត្រ ដែលពួកគេនឹងការពារមនុស្សជាទីស្រលាញ់របស់ខ្លួន។
គួរបញ្ជាក់ថា ប្រភពអ៊ីស្រាអែលបានលើកឡើងថា មូលហេតុដែលកងទ័ពមិនបានចូលតំបន់នេះពីមុនមក គឺដោយសារសង្ស័យថាក្រុមហាម៉ាសអាចកំពុងឃុំខ្លួនចំណាប់ខ្មាំងនៅទីនោះ។ គេជឿថា ក្នុងចំណោមចំណាប់ខ្មាំង ៥០នាក់ដែលនៅសេសសល់ យ៉ាងហោចណាស់ ២០នាក់ នៅមានជីវិត៕