បង់ក្លាដែស៖ យន្តហោះទ័ពអាកាសធ្លាក់លើសាលារៀន សម្លាប់មនុស្សយ៉ាងតិច ១៩នាក់

21-07-2025 20:41

(ទីក្រុងដាកា)៖ យន្តហោះហ្វឹកហាត់មួយគ្រឿងរបស់កងទ័ពអាកាសបង់ក្លាដែស បានធ្លាក់ចូលទៅក្នុងបរិវេណមហាវិទ្យាល័យ និងសាលារៀនមួយនៅរដ្ឋធានីដាកា នៅថ្ងៃចន្ទនេះ ដោយបានសម្លាប់មនុស្សយ៉ាងតិច ១៩នាក់។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីពន្លត់អគ្គិភ័យ ដែលត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

គ្រោះថ្នាក់នេះបានកើតឡើងនៅសាលា និងមហាវិទ្យាល័យ Milestone School and College នៅភាគខាងជើងនៃទីក្រុងដាកា។ គ្រូពេទ្យបានឲ្យដឹងថា មនុស្សជាង ៥០នាក់ រួមទាំងកុមារ និងមនុស្សពេញវ័យ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសាររលាកភ្លើង។ យោងតាមសេចក្តីថ្លែងការណ៍របស់យោធា យន្តហោះដែលធ្លាក់នោះគឺជាប្រភេទ F-7 BGI ហើយបានហោះឡើងនៅម៉ោង ១:០៦ នាទីរសៀល (ម៉ោងក្នុងតំបន់)។

វីដេអូបានបង្ហាញពីអគ្គិភ័យដ៏ធំ និងផ្សែងខ្មួលខ្មាញ់នៅកន្លែងកើតហេតុ ខណៈដែលបំណែកយន្តហោះដែលខ្ទេចខ្ទាំ ហាក់ដូចជាបានបុកទម្លុះជញ្ជាំងអគារ។ គ្រូបង្រៀនម្នាក់បានរៀបរាប់ថា គាត់បានឮសំឡេងផ្ទុះដ៏ខ្លាំង ខណៈពេលកំពុងទៅទទួលកូន ហើយពេលងាកក្រោយមក គាត់ឃើញតែភ្លើង និងផ្សែង។

គួរបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលបណ្តោះអាសន្នរបស់បង់ក្លាដែស លោក Muhammad Yunus បានសម្តែងការសោកស្តាយ និងបានសន្យាថានឹងចាត់វិធានការចាំបាច់ដើម្បីស៊ើបអង្កេតពីមូលហេតុនៃគ្រោះថ្នាក់នេះ។ ឧបទ្ទវហេតុនេះកើតឡើងប្រហែលមួយខែប៉ុណ្ណោះ បន្ទាប់ពីគ្រោះថ្នាក់អាកាសចរណ៍ដ៏ធ្ងន់ធ្ងរមួយនៅប្រទេសឥណ្ឌា ដែលបានសម្លាប់មនុស្សសរុបជាង ២៦០នាក់៕