EU ត្រៀមផែនការវាយបក ខណៈឱកាសសម្រេចកិច្ចព្រមព្រៀងពន្ធជាមួយអាមេរិកកាន់តែស្រពិចស្រពិល (Video inside)
21-07-2025 21:31
(ទីក្រុងព្រុចសែល)៖ សហភាពអឺរ៉ុប (EU) កំពុងស្វែងរកវិធានការវាយបកវិញដែលមានលក្ខណៈទូលំទូលាយជាងមុនប្រឆាំងនឹងសហរដ្ឋអាមេរិក ខណៈដែលក្តីសង្ឃឹមក្នុងការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលខ្លួនអាចទទួលយកបាន កាន់តែរសាត់ទៅៗ។ នេះបើយោងតាម ការចេញផ្សាតដោយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមមន្ត្រីការទូតសហភាពអឺរ៉ុប រដ្ឋសមាជិកកាន់តែច្រើនឡើង រួមទាំងអាល្លឺម៉ង់ផងដែរ កំពុងពិចារណាប្រើប្រាស់វិធានការ «ប្រឆាំងការបង្ខិតបង្ខំ» ដែលអាចអនុញ្ញាតឲ្យប្លុកនេះកំណត់គោលដៅលើសេវាកម្មរបស់អាមេរិក ឬកាត់បន្ថយការទទួលបានកិច្ចសន្យាផ្គត់ផ្គង់សាធារណៈ ប្រសិនបើគ្មានកិច្ចព្រមព្រៀង។
ការផ្លាស់ប្តូរជំហរនេះកើតឡើង បន្ទាប់ពីក្តីសង្ឃឹមក្នុងការសម្រេចបានកិច្ចព្រមព្រៀងដែលមានពន្ធត្រឹមតែ ១០% ត្រូវបានរលាយសាបសូន្យ ដោយសារការគំរាមកំហែងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលនឹងដំឡើងពន្ធរហូតដល់ ៣០% នៅត្រឹមថ្ងៃទី១ ខែសីហា។
លើសពីនេះ ប្រធានពាណិជ្ជកម្មសហភាពអឺរ៉ុប លោក ម៉ារ៉ូស សេហ្វកូវិក (Maros Sefcovic) បានរាយការណ៍ពីលទ្ធផលមិនល្អនៃកិច្ចចរចាជាមួយភាគីអាមេរិកកាលពីសប្តាហ៍មុន ដោយបានបញ្ជាក់ថា ភាគីអាមេរិកហាក់ដូចជាមានគំនិតខុសៗគ្នា ហើយគ្មាននរណាអាចធានាថា លោក ត្រាំ នឹងយល់ព្រមលើចំណុចណាមួយនោះទេ។
គួរបញ្ជាក់ថា ឱកាសនៃការបន្ធូរបន្ថយ ឬដកចេញនូវពន្ធ ៥០% លើដែកថែប និងអាលុយមីញ៉ូម និង ២៥% លើរថយន្តដែលមានស្រាប់ ក៏ហាក់ដូចជាមានកម្រិតតិចតួចបំផុតផងដែរ៕