ជប៉ុន ប្រឈមមុខនឹងការខ្វះខាតអង្ករ ខណៈកូរ៉េខាងត្បូង លើសតម្រូវការផ្គត់ផ្គង់ (Video inside)

22-07-2025 11:31

(សេអ៊ូល, តូក្យូ)៖ ជប៉ុន ​កំពុង​ជួប​បញ្ហា​ខ្វះខាត​អង្ករ និង​ការ​ឡើង​ថ្លៃ ដោយ​បង្ខំ​ឱ្យ​ប្រទេស​នេះ​tត្រូវបង្កើន​ការ​នាំ​ចូល ខណៈដែលកូរ៉េខាងត្បូងវិញ កំពុងប្រឈមមុខនឹងបញ្ហាលើសតម្រូវការផ្គត់ផ្គង់ ដែលបានជំរុញឱ្យតម្លៃចុះថោក ហើយមានតំបន់ខ្លះចែកអង្ករមិនយកលុយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ ២០២៥។

កសិករនៅ Haenam ដែលជា​ទីក្រុង​កសិកម្ម​នៃ​ខេត្ត Jeolla ភាគខាង​ត្បូង ចម្ងាយ​ប្រហែល ៣៣០គីឡូម៉ែត្រ​នៃទីក្រុង​សេអ៊ូល បានឱ្យដឹងថា នៅពេលមានម៉ាស៉ីនទំនើប និងពូជស្រូវដែលផ្តល់ទិន្នផលខ្ពស់ កូរ៉េខាងត្បូងអាចបំពេញតម្រូវការគ្រប់គ្រាន់ សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក។ ទន្ទឹមនេះ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បាននាំចូល និងទិញអង្ករពីកសិករផងដែរ ដើម្បីធានាសន្តិសុខស្បៀង។ រដ្ឋាភិបាលកូរ៉េខាងត្បូង បានទិញអង្ករចំនួន ១.២លានតោនពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤។ មន្ត្រីផ្នែកកសិកម្មកូរ៉េខាងត្បូងនិយាយថា ទុនបម្រុងចាស់ជាធម្មតាបានលក់ទៅឱ្យក្រុមហ៊ុនផលិតអាហារកែច្នៃ ហើយការប្រមូលផលថ្មីៗនឹងលក់ទៅឱ្យគ្រួសារដែលមានចំណូលទាប ក្នុងតម្លៃត្រឹមតែ ២ដុល្លារអាមេរិកប៉ុណ្ណោះ សម្រាប់កញ្ចប់ទម្ងន់ ១០គីឡូក្រាម។

កាល​ពី​ខែ​មេសា ជប៉ុន​បាន​ទិញ​អង្ករពី​កូរ៉េខាងត្បូង​ជា​លើក​ដំបូង គិត​ចាប់​តាំង​ពី​ឆ្នាំ ​១៩៩៩។ ជាប្រពៃណី ជនជាតិជប៉ុនរស់នៅជនបទ ទិញអង្ករក្នុងតម្លៃចរចារពីឈ្មួញក្នុងស្រុក ឬទិញផ្ទាល់ពីកសិករ។ នៅឯផ្សារទំនើបទូទាំងប្រទេសជប៉ុន អង្ករត្រូវបានលក់ក្នុងតម្លៃថ្លៃ ឬគ្មានអង្ករលក់។ តម្លៃ​អង្ករ ​បាន​កើន​ឡើង​ទ្វេ​ដងនៅក្នុងខែឧសភា បើប្រើធៀប​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ​មុន​។ នៅក្នុងខែកក្កដា អង្ករមានតម្លៃជាមធ្យមប្រហែល ២៧ដុល្លារអាមេរិកសម្រាប់មួយកញ្ចប់ទម្ងន់ ៥គីឡូក្រាម ដែលជំរុញឱ្យរដ្ឋាភិបាលបញ្ចេញទុនបម្រុងគ្រាអាសន្ន។ ប៉ុន្តែ​ស្តុកអង្ករសម្រាប់ដាក់លក់​នាពេលនេះ ​នៅ​សល់​​តែប្រមាណ ​១០​ម៉ឺន​តោន​ប៉ុណ្ណោះ។

គួរបញ្ជាក់ថា តាមក្រុមអ្នកសង្កេតការណ៍ នៅពេលមានកង្វះខាត ឬលើសតម្រូវការ វាបានប៉ះពាល់ដល់ជីវភាពរស់នៅ ហើយអស្ថិរភាពនៃការផ្គត់ផ្គង់អង្ករ អាចជះឥទ្ធិពលលើសពីការបរិភោគ៕