ប្រទេសលោកខាងលិចចំនួន ២៥ ថ្កោលទោសការវាយប្រហាររបស់អ៉ីស្រាអែល លើជនស៉ីវិលនៅហ្កាហ្សា (Video inside)
22-07-2025 11:50
(ឡុងដ៏)៖ លោកខាងលិចចំនួន ២៥ប្រទេស រួមទាំងចក្រភពអង់គ្លេស បារាំង និងកាណាដា បានបញ្ចេញសំឡេងរួមគ្នាថា អ៉ីស្រាអែលត្រូវតែបញ្ចប់សង្រ្គាមនៅហ្កាហ្សាជាបន្ទាន់ ជាមួយការថ្កោលទោសចំពោះការសម្លាប់ជនជាតិប៉ាឡេស្ទីន រាប់ទាំងនៅក្បែរកន្លែងចែកចាយអាហារផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ ២០២៥។
ប្រទេសលោកខាងលិចទាំង ២៥ បានថ្កោលទោសរបៀបផ្តល់ជំនួយ ដល់ប្រជាជនប៉ាឡេស្ទីននៅហ្កាហ្សា ហើយថាវារឿងដ៏គួរឱ្យរន្ធត់ ដែលជនស៉ីវិលជាង ៨០០នាក់ ត្រូវបានសម្លាប់ពេលកំពុងស្វែងរកជំនួយ។ អ្នកស្លាប់ភាគច្រើន គឺនៅបរិវេណរបស់ទីភ្នាក់ងារមូលនិធិមនុស្សធម៌ហ្កាហ្សា (GHF) ដែលជាអង្គការគាំទ្រដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល ឱ្យចាត់ចែងផ្តល់ជំនួយ បន្តពីទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នា បណ្តារដ្ឋមន្ត្រីការបរទេសបានគូសបញ្ជាក់ថា «របៀបផ្តល់ជំនួយរបស់រដ្ឋាភិបាលអ៉ីស្រាអែល មានលក្ខណៈគ្រោះថ្នាក់ បញ្ឆេះអស្ថិរភាព និងធ្វើឱ្យមនុស្សបាត់បង់សេចក្តីថ្លៃថ្នូរ»។
គួរបញ្ជាក់ថា ប្រទេសដែលអំពាវនាវរកការបិទបញ្ចប់សង្គ្រាម និងរបៀបផ្តល់ជំនួយនៅហ្កាហ្សានាពេលនេះ ភាគច្រើនជាសម្ព័ន្ធមិត្តនឹងអ៉ីស្រាអែល និងសហរដ្ឋអាមេរិក៕