ទឹកជំនន់នៅហ្វីលីពីន បង្ខំឱ្យមនុស្សរាប់ម៉ឺននាក់នៅតំបន់រដ្ឋធានីម៉ានីល ជម្លៀសទៅរកទីសុវត្ថិភាព និង២នាក់បាត់ខ្លួន (Video inside)

22-07-2025 13:33

(ម៉ានីល)៖ ទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានធ្វើឱ្យផ្អាកសកម្មភាពនានាក្នុងតំបន់រដ្ឋធានីម៉ានីលនៃប្រទេសហ្វីលីពីន ដោយមនុស្សសរុបរាប់ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយយ៉ាងហោចមនុស្ស២នាក់ ត្រូវជឿថាបានបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

សាលារៀននិងការិយាល័យរដ្ឋាភិបាល នៅតំបន់រដ្ឋធានីម៉ានីល និងបណ្តាខេត្តជុំវិញនោះ ត្រូវបានបិទជាបណ្តោះអាសន្ន ក្រោយការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លា បានបណ្តាលឱ្យទឹកទន្លេក្នុងតំបន់គឺទន្លេ Marikina ច្រាលឡើងផុតចេញពីច្រាំងបង្កជាទឹកជំនន់។ មនុស្សជាង២៣ ០០០នាក់ ដែលរស់នៅតាមបណ្តោយទន្លេខាងលើ ត្រូវបានជម្លៀសខ្លួនទៅកន្លែងសុវត្ថីភាព កាលពីវេលាយប់កន្លងទៅ។ លើសពីនេះ មនុស្សប្រមាណ២៥ ០០០នាក់ផ្សេងទៀត ក៏ត្រូវបានជម្លៀសនៅក្រុង Quezon និង Caloocan ដែលស្ថិតក្នុងតំបន់រដ្ឋធានីម៉ានីល ផងដែរ។

ព្រឹកថ្ងៃអង្គារនេះ ទឹកជំនន់បានចាប់ផ្តើមស្រកទៅវិញហើយ ប៉ុន្តែមនុស្សជាច្រើននាក់ នៅមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋានពួកគេ នៅឡើយទេ។ ភ្លៀងមូសុងបានផ្តាច់ជីវិតមនុស្សយ៉ាងហោច ៣នាក់ និងបន្សល់ទុកឱ្យ៧នាក់ផ្សេងទៀតបាត់ខ្លួន នៅភាគកណ្តាលនិង​ខាងត្បូងហ្វីលីពីន ចាប់តាំងតែពីព្យុះត្រូពិក Wipha បានបោកបក់កាត់ក្បែរប្រទេសនេះ កាលពីថ្ងៃសុក្រសប្តាហ៍មុន។

គួរបញ្ជាក់ថា ជាទូទៅ ព្យុះត្រពិកឬព្យុះទីហ្វុងយ៉ាងហោចក៏២០ព្យុះដែរ តែងតែបោកបក់មកចំឬកាត់ក្បែរប្រទេសហ្វីលីពីន រៀងរាល់ឆ្នាំ៕