ប្រធានាធិបតីអ៊ុយក្រែន តែងតាំងឯកអគ្គរដ្ឋទូតថ្មីៗ ក្នុងការរុះរើនយោបាយទ្រង់ទ្រាយធំ (Video inside)

22-07-2025 14:13

(កៀវ)៖ កាលពីថ្ងៃចន្ទ ទី២១ ខែកក្កដា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានតែងតាំងឯកអគ្គរដ្ឋទូតថ្មីៗសរុបជាង​១០នាក់ ក្នុងការរុះរើនយោបាយទ្រង់ទ្រាយធំមួយ ដើម្បីលើកកម្ពស់ទំនាក់ទំនងលើឆាកអន្តរជាតិ និងជំរុញឱ្យរុស្ស៉ីស្ថិតនៅឯកោ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ឯកអគ្គរដ្ឋទូតថ្មីៗដែលត្រូវបានតែងតាំង រួមមានទាំងទូតប្រចាំនៅបណ្តាប្រទេសជាសមាជិកអង្គការ NATO ដូចជា បែលហ្ស៉ិក កាណាដា អេស្តូនី និងអេស៉្បាញ រួមជាមួយជប៉ុនដែលជាម្ចាស់ជំនួយធំមួយ ហើយនិងប្រទេសដែលមានឥទ្ធិពលតាមតំបន់ដូចជា អាហ្រ្វិកខាងត្បូង និងអេមីរ៉ាតអារ៉ារួម ជាដើម។

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានចាប់ផ្តើមការរុះរើនយោបាយទ្រង់ទ្រាយធំ កាលពីសប្តាហ៍មុន ដោយដំឡើងឋានៈដល់ លោកស្រី Yulia Svyrydenko វ័យ៣៩ឆ្នាំ ដែលបម្រើជារដ្ឋមន្រ្តីសេដ្ឋកិច្ច និងត្រូវគេស្គាល់ច្បាស់នៅទីក្រុងវ៉ាស៉ីនតោន ឱ្យកាន់មុខតំណែងជា​នាយករដ្ឋមន្រ្តីថ្មី។ រីឯនាយករដ្ឋមន្រ្តីចាស់ លោក Denys Shmyhal ត្រូវបានប្តូរទៅដឹកនាំក្រសួងការពារជាតិ ខណៈឧបនាយករដ្ឋមន្រ្តី លោកស្រី Olha Stefanishyna នឹងក្លាយជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅសហរដ្ឋអាមេរិក ស្របពេលដែលអ៊ុយក្រែន ព្យាយាមផ្សះផ្សាទំនាក់ទំនងជាមួយរដ្ឋបាលប្រធានាធីបតីអាមេរិក លោក ដូណាល់ ត្រាំ៕