ប្រធានាធិបតីកូរ៉េខាងត្បូង បញ្ជាឱ្យអាជ្ញាធរប្រឹងអស់ពីលទ្ធភាព ដើម្បីតាមរកអ្នកបាត់ខ្លួននិងជួសជុលឡើងវិញ ក្រោយភ្លៀងធ្លាក់ខ្លាំងបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ (Video inside)
22-07-2025 14:37
(សេអ៊ូល)៖ នៅថ្ងៃអង្គារ ទី២២ ខែកក្កដា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានប្រាប់ទៅកាន់អាជ្ញាធរឱ្យពួកគេប្រឹងប្រែងអស់ពីលទ្ធភាព ក្នុងកិច្ចខិតខំតាមស្វែងរកអ្នកបាត់ខ្លួន និងការងារជួសជុលការខូចខាតឡើងវិញ បន្ទាប់ពីការធ្លាក់ភ្លៀងខ្លាំងជាច្រើនថ្ងៃជាប់គ្នា កាលពីសប្តាហ៍កន្លងទៅ បានបន្សល់ទុកនូវការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ នៅផ្នែកខុសៗគ្នានៃផ្ទៃប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
នៅពេលនេះ អាកាសធាតុដ៏អាក្រក់ បានរសាយបាត់ទៅវិញហើយ ខណៈក្រសួងមហាផ្ទៃកូរ៉េខាងត្បូង បានឱ្យដឹងថា មនុស្សយ៉ាងហោច ១៩នាក់បានបាត់បង់ជីវិត និង៩នាក់នៅបន្តបាត់ខ្លួន គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ហើយ២៥៤៩នាក់ផ្សេងទៀត មិនទាន់អាចត្រឡប់ទៅផ្ទះវិញនៅឡើយ។ អគារសរុបជាង៣៧៧៦កន្លែង បានរងការខូចខាត ដែលរួមមានទាំងលំនៅដ្ឋាន ហាងលក់ដូរ និងរោងចក្រ។
លោក Lee ក៏បានបង្គាប់ផងដែរឱ្យនាយករដ្ឋមន្រ្តីនិងក្រសួងពាក់ព័ន្ធទាំងអស់ គិតគូរបង្កើតប្រព័ន្ធឆ្លើយតបគ្រប់ជ្រុងជ្រោយមួយ សម្រាប់គ្រោះមហន្តរាយធម្មជាតិ ដោយផ្អែកតាមតំបន់ និងប្រភេទរបស់ពួកវា។ ជាមួយគ្នានោះ លោកប្រធានាធិបតី បានប្រាប់ឱ្យបង្ក្រាបយ៉ាងម៉ឺងម៉ាត់ចំពោះមន្រ្តីទាំងឡាយណា ដែលអសកម្មភាពនៅកន្លែងមានប្រជាជនរងគ្រោះ។
គួរបញ្ជាក់ថា លោក Lee Jae Myung ដែលឡើងកាន់អំណាចកាលពីខែមិថុនា ឆ្នាំ២០២៤ បានសន្យាធ្វើឱ្យប្រទេសកូរ៉េខាងត្បូង មានសុវត្ថិភាពជាងមុន និងទប់ស្កាត់មិនឱ្យអាចកើតមានឡើងវិញ នូវគ្រោះមហន្តរាយផ្សេងៗក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ដែលជារឿយៗត្រូវបានបន្ទោសទៅលើ សមត្ថភាពឆ្លើយតបមិនគ្រប់គ្រាន់ពីសំណាក់អាជ្ញាធរ៕