លោក ហ្សេលេនស្គី ថាកិច្ចចរចាអ៊ុយក្រែន-រុស្ស៉ីជុំថ្មី នឹងប្រព្រឹត្តទៅនៅតួកគីយ៉េ នាថ្ងៃពុធសប្តាហ៍នេះ (Video inside)
22-07-2025 15:14
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសថា អ៊ុយក្រែននិងរុស្ស៉ី នឹងបើកកិច្ចពិភាក្សាសន្តិភាពជុំថ្មីទៀត នៅថ្ងៃពុធសប្តាហ៍នេះ ក្នុងទីក្រុងអ៉ីស្តង់ប៊ូលនៃប្រទេសតួកគីយ៉េ ដើម្បីព្យាយាមស្វែងរកវឌ្ឍនភាពឆ្ពោះទៅដល់ការបិទបញ្ចប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក ហ្សេលេនស្គី បាននិយាយដូច្នេះថា «ខ្ញុំបានជជែកជាមួយប្រធានក្រុមប្រឹក្សាសន្តិសុខអ៊ុយក្រែន លោក Rustem Umerov អំពីការត្រៀមលក្ខណៈសម្រាប់កិច្ចចរចាជុំថ្មីនៅតួកគីយ៉េ ជាមួយភាគីរុស្ស៉ី។ លោក Umerov បានរាយការណ៍ប្រាប់ខ្ញុំថា ជំនួបនោះត្រូវបានកំណត់ថា នឹងរៀបចំឡើងនៅថ្ងៃពុធ»។
ភាគីទាំងពីរក្នុងឆ្នាំនេះ បានជួបចរចាគ្នា២លើកនៅអ៉ីស្តង់ប៊ូល កាលពីថ្ងៃទី១៦ ខែឧសភា និងថ្ងៃទី២ ខែមិថុនា ស្របពេលដែលសហរដ្ឋអាមេរិកដាក់សម្ពាធឱ្យព្រមព្រៀងគ្នា លើបទឈប់បាញ់។ ទោះជាបែបនេះក្តី ភាពជាប់គាំងនៅតែបន្ត។ ក្រុមអ្នកចរចារបស់អ៊ុយក្រែននិងរុស្ស៉ី មកទល់ពេលនេះបានឯកភាពគ្នាត្រឹមបង្កើនការដោះដូរឈ្លើយសឹកប៉ុណ្ណោះ ហើយចាប់តាំងតែពីពេលនោះមក រុស្ស៉ីបានវាយប្រហារតាមផ្លូវអាកាសកាន់តែខ្លាំងលើអ៊ុយក្រែន ព្រមទាំងបន្តដណ្តើមបានទឹកដីបន្ថែមទៀតនៅតាមសមរភូមិមុខ។
គួរបញ្ជាក់ថា បន្ទាប់ពីនៅសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសទុកពេលឱ្យរុស្ស៉ី៥០ថ្ងៃ ដើម្បីចរចារកកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន បើមិនចង់រងទណ្ឌកម្មធ្ងន់ធ្ងរ ហើយលោក ត្រាំ ថែមទាំងបានបន្តការផ្គត់ផ្គង់សព្វាវុធឱ្យអ៊ុយក្រែនឡើងវិញថែមទៀតនោះ វិមានក្រឹមឡាំងបាននិយាយថា ខ្លួនត្រៀមរួចរាល់ដើម្បីបើកកិច្ចចរចាបន្តទៀត៕