ហ្វីលីពីន នឹងត្រូវបង់ពន្ធបដិការ១៩ភាគរយ ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក (Video inside)

23-07-2025 09:13

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ ទី២២ ខែកក្កដា បានប្រកាសពីការយកពន្ធគយបដិការថ្មី ១៩ភាគរយលើទំនិញ នាំចូលពីហ្វីលីពីន បន្ទាប់ពីអ្វីដែលលោកហៅថាជាដំណើរទស្សនកិច្ចដ៏ស្រស់ស្អាតរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos ទៅកាន់សេតវិមាន ហើយថាទំនិញអាមេរិកនឹងត្រូវបង់ពន្ធគយ០ភាគរយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ពន្ធគយថ្មី១៩ភាគរយ កើតចេញពីការបញ្ចុះពន្ធគយបដិការត្រឹមតែ១ភាគរយប៉ុណ្ណោះ។ លោក ត្រាំ ក្នុងខែកក្កដានេះបានគំរាមយកពន្ធគយពីហ្វីលីពីន ២០ភាគរយ ខណៈប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀតដូចជាឥណ្ឌូណេស៊ីជាប់ពន្ធបដិការ ១៩ភាគរយ និងវៀតណាម ២០ភាគរយ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក។

លោក ត្រាំ បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ក្រោយជំនួបជាមួយលោក Marcos នៅការិយាល័យពងក្រពើដូច្នេះថា «នេះជាដំណើរទស្សនកិច្ចដ៏ស្រស់ស្អាតមួយ ហើយយើងសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់យើង ដោយក្នុងនោះហ្វីលីពីននឹងបើកចំហទីផ្សារជាមួយ សហរដ្ឋអាមេរិកជាមួយការយកពន្ធបដិការ០ភាគយលើទំនិញអាមេរិក រីឯហ្វីលីពីននឹងត្រូវបង់ពន្ធ ១៩ភាគរយ»

លោក ត្រាំ បានហៅលោក Marcos ថាជាអ្នកចរចាម្នាក់ដ៏ប៉ិនប្រសប់ ហើយថាសហរដ្ឋអាមេរិក និងហ្វីលីពីនដែលនឹងប្រារព្ធខួប៨០ឆ្នាំនៃទំនាក់ទំនងទូត នៅឆ្នាំក្រោយ នឹងធ្វើការរួមគ្នាខាងយោធា។ តែលោកមិនបានបញ្ជាក់អ្វីលម្អិតនោះទេ៕