លោក ត្រាំ ចោទលោក អូបាម៉ាក្បត់ជាតិ ជុំវិញរបាយការណ៍អំពីការលូកលាន់របស់រុស្ស៉ីក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦ (Video inside)

23-07-2025 09:57

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់លោក បារ៉ាក់ អូបាម៉ាថាក្បត់ជាតិ និងអំពាវនាវឱ្យចាប់ខ្លួនអតីតប្រធានាធិបតីអាមេរិក រូបនេះយកទៅកាត់ទោសតាមផ្លូវច្បាប់ បន្ទាប់ពីមានរបាយការណ៍មួយចោទថាអតីតក្រុមមន្ត្រីក្នុងរដ្ឋបាលសម័យលោក អូបាម៉ា មានចេតនាបំភ័ន្តមតិសាធារណនៅក្នុង ការវាយតម្លៃមួយរបស់ខ្លួនពាក់ព័ន្ធនឹងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងជំនួបជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅការិយាល័យពងក្រពើនៅថ្ងៃអង្គារ ទី២២ ខែកក្កដា លោក ត្រាំ បានលើកឡើងថាលោក អូបាម៉ា មានពិរុទ្ធភាព និងចោទអតីតប្រធានាធិបតីរូបនេះថាក្បត់ជាតិ។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «គាត់ (លោក អូបាម៉ា) មានពិរុទ្ធភាព។ នេះជាអំពើក្បត់ជាតិ។ ពួកគេ បានព្យាយាមលួចសន្លឹកឆ្នោត ពួកគេបានព្យាយាមបំភ័ន្តការបោះឆ្នោត។ ពួកគេបានធ្វើរឿងដែលគ្មាននរណាម្នាក់នឹកសម្រៃដល់...»។ លោក ត្រាំ ធ្វើការអះអាងបែបនេះ ដោយគ្មានភស្តុតាង និងលើកឡើងពីរបាយការណ៍មួយដែលប្រមុខចារកម្មរបស់លោក គឺលោកស្រី Tulsi Gabbard បានទម្លាយឱ្យដឹងកាលពីថ្ងៃសុក្រសប្ដាហ៍មុន។

លោកស្រី Gabbard បានគំរាមប្ដឹងក្រុមមន្ត្រីនៅក្រោមជំនាន់រដ្ឋបាលលោក អូបាម៉ា ទៅកាន់ក្រសួងយុត្តិធម៌អាមេរិក ជុំវិញការវាយតម្លៃពីការលូកលាន់របស់រុស្ស៉ី ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦។ តាមលោកស្រី Gabbard ព័ត៌មានដែលលោកស្រីបានបញ្ចេញ បានបង្ហាញពីការសមគំនិតក្បត់ ក្នុងឆ្នាំ២០១៦ ដោយក្រុមមន្ត្រី នៃអតីតរដ្ឋបាលលោក អូបាម៉ា ដើម្បីបំផ្លាញលោក ត្រាំ។ ក៏ប៉ុន្តែ អ្នកនាំពាក្យម្នាក់របស់លោក អូបាម៉ា បានថ្កោលទោសការអះអាងរបស់លោក ត្រាំ ដោយចាត់ទុកថា វាជាការចោទប្រកាន់ដ៏ចម្លែក និងគួរឱ្យអស់សំណើច ហើយគ្រាន់តែចង់បង្វែរចំណាប់អារម្មណ៍ប៉ុណ្ណោះ។ ការកត់សម្គាល់របស់លោក ត្រាំ កើតមានឡើងចំពេលរូបលោក កំពុងរងសម្ពាធពាក់ព័ន្ធនឹងសំណុំរឿង Jeffrey Epstein ដែលជាអតីតមហាសេដ្ឋីម្នាក់មានទោសពីបទរំលោភបំពានផ្លូវភេទលើស្ត្រី និងជាមនុស្សម្នាក់ត្រូវបានគេ រាយការណ៍ថាមានទំនាក់ទំនងជាមួយលោក ត្រាំ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ នៅប៉ុន្មានថ្ងៃមុនអាណតិ្តទី២របស់លោក អូបាម៉ា​ បិទបញ្ចប់ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA បានធ្វើការសន្និដ្ឋានថារុស្ស៉ី បានព្យាយាម ធ្វើឱ្យលោក ត្រាំ ឈ្នះក្នុងការបោះឆ្នោត។ លោក អូបាម៉ា នៅពេលនោះបានឆ្លើយតបទៅនឹងការសន្និដ្ឋានដែលរុស្ស៉ីបានប្រកែកនេះ ជាមួយការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ និងបណ្ដេញមន្ត្រីការទូតរុស្ស៉ីជាច្រើននាក់ចេញពីសហរដ្ឋអាមេរិក។ ប៉ុន្តែ ក្នុងឆ្នាំ២០១៩ របាយការណ៍របស់រដ្ឋអាជ្ញាពិសេសម្នាក់រកឃើញថាមិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីគាំទ្រការអះអាងថាក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ បានសមគំនិតជាមួយរុស្ស៉ីនោះទេ។