Mainichi៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba មានគម្រោងប្រកាសលាលែងពីតំណែងនៅខែក្រោយ (Video inside)
23-07-2025 10:29
(តូក្យូ)៖ កាសែតជប៉ុន Mainichi បានរាយការណ៍នៅថ្ងៃពុធ ទី២៣ ខែកក្កដាថានាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba មានគម្រោងប្រកាសលាលែងចេញពីតំណែង នៅមុនដំណាច់ខែសីហាខាងមុខ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Ishiba កំពុងប្រឈមមុខនឹងការជំទាស់កាន់តែខ្លាំងឡើង នៅក្នុងជួរផ្ទៃក្នុងនៃគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) របស់លោក បន្ទាប់ពីរូបលោកប្ដេជ្ញាបន្តកាន់ តំណែងជានាយករដ្ឋមន្ត្រី បើទោះក្រុមចម្រុះកាន់អំណាចរបស់ទទួលបរាជ័យក្នុងការបោះឆ្នោតសភាជាន់ខ្ពស់កាលពីថ្ងៃអាទិត្យសប្ដាហ៍ក៏ដោយ។ ដោយឡែក កាសែតជប៉ុន មួយផ្សេងទៀតគឺ Yomiuri ក៏បានរាយការណ៍ដែរថាលោក Ishiba បានប្រាប់មនុស្សជំនិតរបស់លោកកាលពីល្ងាចថ្ងៃអង្គារម្សិលមិញថាលោកនឹងពន្យល់ថាតើលោកនឹងទទួល ខុសត្រូវលើបរាជ័យរបស់បក្សក្នុងការបោះឆ្នោតសភាជាន់ខ្ពស់យ៉ាងដូចម្ដេច នៅពេលមានដំណោះស្រាយមួយត្រូវបានឈានដល់ក្នុងការចរចាពាណិជ្ជកម្មជាមួយអាមេរិក។
ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social នៅថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់អាស៊ី) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មមួយជាមួយជប៉ុន ដែលលោកអះអាងថាជប៉ុននឹងវិនិយោគ ៥៥០ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិក និងបង់ពន្ធគយបដិការ១៥ភាគរយ។ បន្ទាប់ពីការបង្ហោះ របស់លោក ត្រាំ លោក Ishiba បាននិយាយថារូបលោកបានត្រៀមខ្លួនជាស្រេចដើម្បីជួបដោយផ្ទាល់ ឬពិភាក្សាតាមទូរស័ព្ទជាមួយលោក ត្រាំ។ «ខ្ញុំមិនទាន់អាចនិយាយអ្វីទេ រហូតទាល់តែខ្ញុំពិនិត្យលម្អិតលើលទ្ធផលនៃកិច្ចព្រមព្រៀងជាមុនសិន»។ នេះជាការគូសបញ្ជាក់របស់លោក Ishiba នៅពេលត្រូវបានក្រុមអ្នកសារព័ត៌មានសាកសួរថាតើ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន អាចនឹងជះឥទ្ធិពលយ៉ាងដូចម្ដេចលើការសម្រេចចិត្តថាតើត្រូវលាលែងចេញពីតំណែង ឬក៏យ៉ាងណា?
គួរបញ្ជាក់ថា នៅក្នុងការពន្យល់ថាពីការសម្រេចចិត្តបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី លោក Ishiba បានសង្កត់ធ្ងន់ពីភាពចាំបាច់ដើម្បីបញ្ចៀសការបង្កើតចន្លោះប្រហោងទំនេរ ផ្នែកនយោបាយ ខណៈជប៉ុនប្រឈមនឹងបញ្ហាប្រឈមជាច្រើន ក្នុងនោះរួមមានកិច្ចចរចាពាណិជ្ជកម្មដ៏ពិបាកជាមួយសហរដ្ឋអាមេរិកដែលអាចនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរសេដ្ឋកិច្ច ជប៉ុនដែលពឹងផ្អែកលើការនាំចេញ៕