លោក ត្រាំ ប្រហែលជាអាចទៅចិន ដើម្បីជួបលោក ស៉ី ជីនពីង ក្នុងពេលឆាប់ៗ

23-07-2025 11:21

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក​ ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បាននិយាយថា លោកប្រហែលជាអាចទៅប្រទេសចិនក្នុងពេលឆាប់ៗ សម្រាប់ទស្សនកិច្ចមួយដើម្បីបន្ធូរបន្ថយកំដៅពាណិជ្ជកម្ម និងសន្តិសុខរវាងមហាអំណាចទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ ២០២៥។

លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯ Oval Office យ៉ាងដូច្នេះថា «ប្រធានាធិបតី ស៉ី ជីនពីង បានអញ្ជើញខ្ញុំឱ្យទៅចិន ហើយយើងប្រហែលជានឹងធ្វើដូច្នេះ ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ ខ្ញុំត្រូវបានអញ្ជើញដោយមនុស្សជាច្រើន ហើយខ្ញុំនឹងសម្រេចចិត្តក្នុងពេលឆាប់ៗ»

គួរបញ្ជាក់ថា តាមប្រភពចំនួនពីរដែល Reuters ទទួលបាន ជំនួយការរបស់លោក ត្រាំ និងលោក ស៉ី បានពិភាក្សាគ្នាអំពីលទ្ធភាពនៃជំនួបរវាងមេដឹកនាំទាំងពីរ ថាអាចនឹងកើតឡើងអំឡុងដំណើរទស្សនកិច្ចរបស់ លោក ត្រាំ ទៅកាន់តំបន់អាស៉ីនាចុងឆ្នាំនេះ។

ប្រភពមួយបានឱ្យដឹងថា ខណៈផែនការនៃជំនួបមិនទាន់សម្រេច ការពិភាក្សាគ្នាបានរួមបញ្ចូលនូវការឈប់សំចតរបស់ លោក ត្រាំ អំឡុងពេលដែលលោកទៅចូលរួម កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ីប៉ាស៊ីហ្វិកនៅកូរ៉េខាងត្បូង ឬអាចនៅកិច្ចពិភាក្សាក្រោយកិច្ចប្រជុំនោះ ចន្លោះពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា។ មួយទៀត អាចជាដំណើរ​ទស្សនកិច្ច​នៅ​ថ្ងៃ​ទី៣ ខែ​កញ្ញា ​ដើម្បីចូលរួមពិធី​រំលឹក​ខួប ៨០ឆ្នាំ​នៃ​ការ​បញ្ចប់​សង្រ្គាម​លោក​លើក​ទី ២ នៅក្នុងទីក្រុងប៉េកាំង ដែលអាចនឹងមានវត្តមាន​ប្រធានាធិបតី​រុស្ស៉ី ​លោក វ្ល៉ាដីមៀ ពូទីន ផង​ដែរ៕