Coca-Cola ស្ករអំពៅ នឹងត្រូវផលិតលក់នៅអាមេរិក តាមការចង់បានរបស់លោក ត្រាំ តែមានតម្លៃថ្លៃ

23-07-2025 11:57

(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនកូកាកូឡា បានឱ្យដឹងថា ខ្លួននឹងបញ្ចេញភេសជ្ជៈ Coca-Cola ដែលផលិតដោយប្រើស្ករអំពៅ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយនឹងជំរុញឱ្យតម្លៃ Coca-Cola ថ្លៃជាងមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ ២០២៥។

តម្លៃខ្ពស់អាចប៉ះប៉ូវភាពយឺតយ៉ាវនៃការលក់ ក្នុងបរិមាណដែលបានធ្លាក់ចុះ ១ភាគរយ បន្ទាប់ពីកើនឡើង ២ភាគរយ ក្នុងមួយត្រីមាសមុនៗ ភាគច្រើនដោយសារតែការធ្លាក់ចុះនៅទីផ្សារធំៗ ដូចជា​ម៉ិកស៉ិក និងឥណ្ឌា ក៏ដូចជាទំនិញម៉ាកយីហោ Coca-Cola របស់ខ្លួន​ នៅសហរដ្ឋអាមេរិកដែលមិនទាន់រាប់បញ្ចូល។ ប៉ុន្តែតម្រូវការភេសជ្ជៈដែលមានតម្លៃថ្លៃ បានបន្តធ្លាក់ចុះក្នុងត្រីមាសថ្មីៗនេះ ជាពិសេសនៅក្នុងប្រទេសអ្នកមាន ដោយអ្នកប្រើប្រាស់ដែលមានចំណូលទាប ងាកមកចាប់អារម្មណ៍លើបញ្ហាតម្លៃកាន់តែច្រើន។

យ៉ាងនេះក្តី ក្រុមហ៊ុនអាហារ កំពុងស្វែងរកគ្រឿងផ្សំដែលប្រសើរចំពោះសុខភាព ខណៈដែលពួកគេត្រូវឆ្លើយតបទៅនឹងយុទ្ធនាការ Make America Healthy Again របស់ក្រសួងសុខាភិបាល។ កាលពីសប្តាហ៍មុន ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានណែនាំឱ្យក្រុមហ៊ុន Coca-Cola ប្រើស្ករអំពៅក្នុងភេសជ្ជៈសម្រាប់ផ្គត់ផ្គង់នៅអាមេរិក។ នាយកប្រតិបត្តិក្រុមហ៊ុន Coca-Cola លោក James Quincey បាននិយាយថា «ផលិតផលប្រភេទនេះ នឹងបំពេញបន្ថែមលើផលិតផលដែលមានស្រាប់»

គួរបញ្ជាក់ថា Coca-Cola ស្ករអំពៅ មានលក់រួចមកហើយនៅក្នុងទីផ្សារផ្សេងទៀត រួមទាំងម៉ិកស៉ិក ហើយហាងលក់មួយចំនួននៅសហរដ្ឋអាមេរិក បានដាក់លក់ Coca-Cola ស្ករអំពៅ ជាមួយនិងម៉ាក Mexican Coke៕