សេតវិមានបញ្ជាក់ពេលវេលាច្បាស់លាស់ នៃជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ខណៈមានការបង្ហើបពីលក្ខខណ្ឌត្រូវដកទណ្ឌកម្ម... (Video inside)
05-06-2018 09:04
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងត្រូវជួបគ្នានៅម៉ោង ០៩៖០០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ខាងមុខនេះក្នុងប្រទេសសិង្ហបុរី។ នេះបើតាមសេតវិមានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះ លោកស្រី សារ៉ាហ៍ សេនដឺស៍ (Sarah Sanders) អ្នកនាំពាក្យសេតវិមានបានឱ្យដឹងថា ការរៀបចំទាំងឡាយកំពុងត្រូវបញ្ចប់ ដោយក្រុមអ្នករៀបចំនៅក្នុងប្រទេសសិង្ហបុរី។ មិនតែប៉ុណ្ណោះ លោកស្រីក៏បានបញ្ជាក់ដែរថា ក្រុមប្រតិភូដឹកនាំដោយអគ្គរដ្ឋទូតអាមេរិក លោក ស៊ុង គីម (Sung Kim) បានធ្វើកិច្ចចរចាផ្នែកការទូតប្រកបដោយភាពវិជ្ជមាន ជាមួយក្រុមមន្ត្រី កូរ៉េខាងជើងនៅឯតំបន់ព្រំដែនគ្មានយោធា នៃប្រទេសកូរ៉េទាំងពីរ។
តែទោះជាយ៉ាងនេះក្ដី លោកស្រី Sanders បានអះអាងដដែលថា សហរដ្ឋអាមេរិក នឹងមិនបន្ធូរបន្ថយការដាក់សម្ពាធ ឬទណ្ឌកម្មលើកូរ៉េខាងជើងនោះទេ ទាល់តែរបបដឹកនាំលោក គីម ជុងអ៊ុន បោះចោលអាវុធនុយក្លេអ៊ែរទាំងស្រុងជាមុនសិន។ «គោលនយោបាយ របស់យើងនឹងមិនផ្លាស់ប្ដូរឡើយ... ហើយយើងនឹងមិនបន្ធូរបន្ថយ ឬដាក់ទណ្ឌកម្មទាំងនេះនោះទេ រហូតទាល់តែកូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរ។ នេះជាការគូសបញ្ជាក់របស់លោកស្រី Sarah Sanders៕