News Update: ទង្វើចាប់ជម្រិតនៅទីក្រុងប៉ារីសត្រូវបញ្ចប់ ខណៈជនសង្ស័យត្រូវប៉ូលិសចាប់ខ្លួន តែមិនពាក់ព័ន្ធភេរវកម្មនោះទេ... (Video inside)
13-06-2018 09:43
(ប៉ារីស)៖ ការចាប់ចំណាប់ខ្មាំង ដែលរួមមានទាំងស្រ្តីមានផ្ទៃពោះម្នាក់ នៅក្នុងអគារមួយកន្លែងនៅលើផ្លូវ ពឺទីត អេគួរី (Petites-Ecuries) ក្នុងសង្កាត់លេខ ១០ នៃទីក្រុងប៉ារីស ប្រទេសបារាំងដោយបុរសប្រដាប់អាវុធម្នាក់ បានបញ្ចប់ហើយនៅមុនម៉ោង ០៨៖០០នាទីយប់ថ្ងៃអង្គារ (ម៉ោងនៅក្នុងទីក្រុងប៉ារីស) ដោយមិនមានជនរងគ្រោះណាម្នាក់ទេ។ នេះបើតាមរដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក ហ្គែរ៉ាដ កូលឡុមភ៍ (Gérard Collomb) ដកស្រង់សារព័ត៌មានរុស្ស៊ី Russia Today (RT) នៅព្រឹកថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។
ជាមួយគ្នានោះ ថ្លែងនៅលើ Twitter លោក Gérard Collomb បានបញ្ជាក់ទៀតថា បុរសជាជនសង្ស័យម្នាក់អាយុ ២៦ឆ្នាំ ត្រូវបានចាប់ខ្លួន រីឯចំណាប់ខ្មាំងទាំងអស់មិនមានគ្រោះថ្នាក់អ្វីឡើយ។ លើសពីនេះទៅទៀត រដ្ឋមន្ត្រីមហាផ្ទៃរូបនេះ ក៏បានអះអាងដែរថា វាគ្រាន់តែជាបទល្មើសតូចតាច ហើយមិនមានជាប់ព័ន្ធនឹងសកម្មភាពភេរវកម្មនោះទេ៕