មិនធម្មតា! ភាគខាងត្បូងកាណាដា «ឡើងកម្តៅដល់ជាង៤០អង្សាសេ និងផ្តាច់ជីវិតមនុស្ស១៥នាក់»
05-07-2018 10:57
(កាណាដា)៖ មនុស្សសរុប ១៥នាក់ ត្រូវបានគេរាយការណ៍បានបាត់បង់ជីវិត ដោយសារតែការកើនឡើងនៃកម្ដៅខុសពីធម្មតា នៅឯតំបន់ភាគកណ្ដាល និងភាគកណ្ដាលប្រទេសកាណាដា ចាប់តាំងចុងសប្ដាហ៍មុនមក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកក្កដា ឆ្នាំ២០១៨។
ស្ថានីយទូរទស្សន៍កាណាដា CTV បានបញ្ជាក់ថា រាល់អ្នកស្លាប់ទាំងអស់គឺនៅក្នុងទីក្រុង ម៉ុងត្រេអាល់ (Montreal) ជាទីដែលសីតុណ្ហភាពកើនដល់ ៤០អង្សាសេ នៅថ្ងៃពុធសប្ដាហ៍នេះ ខណៈរលកកម្ដៅត្រូវគេរំពឹងថា នឹងអូសបន្លាយរហូតដល់ថ្ងៃសុក្រស្អែកនេះ (ម៉ោងនៅក្នុងតំបន់)។ ដោយឡែកដើម្បីទប់ទល់នឹងរលកកម្ដៅនេះ អាជ្ញាធរកាណាដា ក៏បានអំពាវនាវផងដែរឱ្យប្រជាជនរបស់ខ្លួន មានការប្រុងប្រយ័ត្នខ្ពស់ ទាំងនៅក្នុងផ្ទះ និងនៅពេលចេញទៅខាងក្រៅ។
គួរបញ្ជាក់ថា នៅឯខេត្ត អនតារីយ៉ូ (Ontario) ស្ថិតនៅភាគខាងត្បូងនៃប្រទេសកាណាដា ក៏កំពុងរងការវាយប្រហារដោយរលកកម្ដៅដែរ ស្របពេលនៅទីក្រុង Ottawa សីតុណ្ហភាពកើនដល់ ៤៧អង្សាសេ នៅថ្ងៃពុធ ដែលជាកម្រិតសីតុណ្ហភាពខ្ពស់ជាប់កំណត់ត្រាថី្មមួយ សម្រាប់រដ្ឋធានីមួយនេះ៕