News Update: ឥណ្ឌា៖ គ្រោះមហន្តរាយទឹកជំនន់ ផ្តាច់ជីវិតមនុស្សឡើងដល់១៦៤នាក់ ខណៈភ្លៀងនឹងបន្តធ្លាក់មកខ្លាំងបន្ថែមទៀត!
17-08-2018 15:13
(ញូដេលី)៖ អាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ចំនួនមនុស្សស្លាប់នៅក្នុងខេត្ត ខឺរ៉ាឡា (Kerala) ភាគខាងត្បូងប្រទេសឥណ្ឌា គិតចាប់តាំងតែពីថ្ងៃទី០៨ ខែសីហា បានកើនដល់ ១៦៤នាក់ហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Indian Express នៅរសៀលថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨។
គិតមកត្រឹមរសៀលថ្ងៃសុក្រនេះ ក្រុមអ្នកជួយសង្រ្គោះនៅតែបន្តប្រតិបត្តិការរបស់ពួកគេ ដើម្បីផ្ដល់ជំនួយដល់ប្រជាជននៅក្នុងតំបន់រងគ្រោះ ដែលគេបានប៉ាន់ប្រមាណថា មានមនុស្ស ១៥០,០០០នាក់ គ្មានផ្ទះសម្បែងជាបណ្ដោះអាសន្ន ខណៈភាគច្រើននៃអ្នកបាត់បង់ជីវិត ត្រូវបានទាញចេញពីគំនរបាក់បែក និងល្បាប់ភក់បង្កឡើងដោយគ្រោះរអិលបាក់ដី។ ក្រៅពីនេះផ្ទះសម្បែរត្រូវបានជន់លិច ផ្លូវថ្នល់ត្រូវបានកាត់ផ្តាច់ ហើយចរាចរណ៍ទាំងផ្លូវគោក និងផ្លូវអាកាសកំពុងជួបការរាំងស្ទះ នៅតាមកន្លែងជាច្រើននៅក្នុងរដ្ឋ។
គួរបញ្ជាក់ថា ស្របពេលប្រតិបត្តិការជួយសង្រ្គោះ កំពុងធ្វើឡើងអាជ្ញាធរឥណ្ឌាក៏បានព្យាករផងដែរថា ភ្លៀងអាចនឹងបន្តធ្លាក់ខ្លាំងបន្ថែមទៀត ខណៈអាកាសយានដ្ឋានដ៏សំខាន់មួយ ត្រូវបានបិទដំណើរការរហូតដល់ថ្ងៃទី២៦ ខែសីហា៕