ព្រឹទ្ធសមាជិកអាមេរិកទម្លាយ៖ «ខ្ញុំធ្លាប់ត្រូវបានមន្ត្រីជាន់ខ្ពស់ម្នាក់ចាប់រំលោភ កាលនៅបម្រើការងារក្នុងជួរកងទ័ពអាកាស» (Video inside)
07-03-2019 13:38
(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសមាជិកសភាអាមេរិកលោកស្រី ម៉ាថា ម៉ាសាលលី (Martha McSally) បានអះអាងថា លោកស្រីត្រូវបានមន្ត្រីជាន់ខ្ពស់ម្នាក់រំលោភសេពសន្ថវៈ អំឡុងពេលបំពេញការងារនៅក្នុងជួរកងទ័ពអាកាសអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩។
លោកស្រី McSally ដែលធ្លាប់ជាស្ត្រីពីឡុតយន្ដហោះចម្បាំងអាមេរិកដំបូងគេបំផុត បានធ្វើការលើកឡើងបែបនេះ ប្រាប់អនុគណៈកម្មធិការសេវាកម្មអាវុធ នៃព្រឹទ្ធសភាអាមេរិកនៅថ្ងៃពុធសប្ដាហ៍នេះ ពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទ នៅក្នុងជួរយោធាអាមេរិក។ នាឱកាសនោះ លោកស្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបាននៅស្ងៀមស្ងាត់អស់រយៈពេលជាច្រើនឆ្នាំ ដោយមិនហ៊ាននិយាយពីរឿង ដែលបានកើតឡើងមកលើរូបខ្ញុំឡើយ ដោយសារតែមានខ្មាសអៀន ច្របូកច្របល់ និងខ្លាចប៉ះពាល់ប្រព័ន្ធការងារ... ក៏ប៉ុន្តែខណៈរឿងអាស្រូវនៅតែបន្តកើតមានក្នុងវិស័យយោធា ខ្ញុំសម្រេចចិត្តថា ត្រូវតែទម្លាយវាចេញមកក្រៅឱ្យអ្នកទាំងអស់គ្នាដឹង»។
គួរបញ្ជាក់ បើតាមរបាយការណ៍ជាច្រើន ការរំលោភបំពានផ្លូវភេទក្នុងយោធាអាមេរិក បានកើនឡើងជិត ១០ភាគរយ កាលពីឆ្នាំ២០១៧។ រីឯលោកស្រី Ms McSally ធ្លាប់បានបម្រើការងារក្នុងរយៈពេល ២៦ឆ្នាំ នៅក្នុងជួរកងទ័ពអាកាសអាមេរិក ដោយមានតំណែងវរៈសេនីយឯក (colonel) មុននឹងលោកស្រីចូលនិវត្តន៍នៅឆ្នាំ២០១០ ហើយក្រោយមកទៀតលោកស្រីបានជាប់ ឆ្នោតជាសមាជិកសភា និងជាសមាជិកព្រឹទ្ធសភាអាមេរិកមកពីបក្សសាធារណរដ្ឋនាពេលបច្ចុប្បន្ន៕