តុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនសមាជិកក្រុមឧទ្ទាម៤នាក់ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់ ប៉ុនប៉ងធ្វេីរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ (Video inside)
14-10-2019 10:05
(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ បានសម្រេចឃុំខ្លួន សមាជិកក្រុមឧទ្ទាម សម រង្ស៉ី ចំនួន៤នាក់ ពាក់ព័ន្ធនឹងការចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ នេះបើតាមដីកាបង្គាប់ឱ្យឃុំខ្លួន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ។
សមាជិកក្រុមផ្តួលរំលំរាជរដ្ឋាភិបាលទាំងនោះ រួមមានទី១៖ ឈ្មោះ ឌឹម សារឿង រស់នៅស្រុកសង្កែ ខេត្តបាត់ដំបង ទី២៖ ឈ្មោះ សុខ ផាត រស់នៅស្រុកសំឡូត ខេត្តបាត់ដំបង ទី៣៖ ឈ្មោះ ម៉ែន យ៉ន រស់នៅស្រុកសំឡូត និងទី៤៖ ឈ្មោះ ឡី សុខុន រស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ពួកគេទាំង៤នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពេលរាជរដ្ឋាភិបាល បានចាប់ផ្តើមស៊ើបអង្កេត ដើម្បីចាប់ខ្លួន ជនពាក់ព័ន្ធនឹងផែនការរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល ដែលរៀបចំឡើងដោយ ទណ្ឌិត សម រង្ស៉ី និងបក្ខពួក។
ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ដែលតុលាការបង្គាប់ឱ្យចាប់ខ្លួន បានប្រកាសវិលចូល ប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងគោលបំណងធ្វើរដ្ឋប្រហារខុសច្បាប់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ក្រោយប្រកាសវិលចូលប្រទេស លោកបានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាលទៅចុះចូលជាមួយខ្លួន ដោយប្រកាសថានឹងផ្តល់ថវិកាលើកទឹកចិត្តដល់ពួកគេ មិនតែប៉ុណ្ណោះ មេដឹកនាំក្រុមឧទ្ទាមថែមទាំងអំពាវនាវប្រឆាំងរដ្ឋធម្មនុញ្ញដោយ បង្គាប់ឱ្យព្រះមហាក្សត្រដាក់រាជ្យ ដើម្បីរំលាយរបបរាជានិយមថែមទៀតផង។
រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ បានត្រៀមខ្លួនរួចជាស្រេច ហើយបានចាប់ផ្តើមអនុវត្តនីតិវិធីរបស់ខ្លួនជាបន្តបន្ទាប់តាមតួនាទី ដើម្បីបំបែកផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៉ី និង បក្ខពួក មិនឱ្យសម្រេចនោះឡើយ៕