មូរ សុខហួរ ចាកចេញពីប្រទេសម៉ាឡេស៊ី យ៉ាងអាម៉ាស់ត្រឡប់ទៅប្រទេសអារ៉ាប់រួម ក្រោយទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងផែនការរដ្ឋប្រហារ ៩វិច្ឆិកា (Video inside)

13-11-2019 10:01

(ម៉ាឡេស៊ី)៖ លោកស្រី មូរ សុខហួរ មេដឹកនាំម្នាក់របស់ក្រុមឧទ្ទាម បានចាកចេញពីទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី យ៉ាងអាម៉ាស់ឆ្ពោះទៅកាន់ទីក្រុងអាឌូដាបេ ប្រទេសអារ៉ាប់រួម នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោយទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងផែនការរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសារតែ លោក សម រង្ស៉ី មិនបានត្រឡប់មកកម្ពុជាតាមការសន្យារបស់ខ្លួន។

ទណ្ឌិត សម រង្ស៉ី និងលោកស្រី មូរ សុខហួរ រួមទាំងបក្ខពួក បានប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈដំណើរមាតុភូមិនិវត្តន៍របស់លោក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយធ្វើចលនាចេញពីទឹកដីថៃ ទម្លុះព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចូលមកកម្ពុជា ដើម្បីទាមទារទម្លាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញពីតំណែង។

ប៉ុន្តែទោះជាយ៉ាងនេះក្តី រយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកពុំបានត្រឡប់មកកាន់ប្រទេសកម្ពុជា ដូចអ្វីដែលលោកប្រកាសនោះទេ ហើយផ្ទុយទៅវិញលោក សម រង្ស៉ី បានប្រកាសពន្យារពេលដោយមិនកំណត់ ដោយប្រើប្រាស់លេសមួយចំនួន។

ការបរាជ័យរបស់លោក សម រង្ស៉ី ត្រូវបានអ្នកគាំទ្រ និងសកម្មជនរបស់លោកវាយប្រហារយ៉ាងខ្លាំង ដោយចាត់ទុកថាជាមេដឹកនាំដែលនិយាយហើយតែមិនអាចធ្វើបាន ព្រមទាំងបានធ្វើឱ្យអ្នកគាំទ្រ ជាប់ពន្ធនាគារកាន់តែច្រើនថែមទៀតផង៕