BREAKING NEWS: ក្រសួងសុខាភិបាល៖ បុរសទេសចរតាមកប៉ាល់ជនជាតិហូឡង់ ដែលសង្ស័យមានជំងឺកូរ៉ូណាថ្មីនោះ មិនមានមេរោគកូរ៉ូណាក្នុងខ្លួនឡើយ (Video inside)
11-02-2020 16:52
(ភ្នំពេញ)៖ តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានមុននេះបន្តិចនៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះថា បុរសទេសចរតាមកប៉ាល់ជនជាតិហូឡង់ម្នាក់ ដែលគេសង្ស័យថា មានជំងឺកូរ៉ូណាថ្មី នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា គឺពេលនេះលទ្ធផលបានបង្ហាញហើយថា គាត់មិនមានមេរោគកូរ៉ូណាថ្មី នៅក្នុងខ្លួនឡើយ។
ជនជាតិហូឡង់ម្នាក់នេះអាយុ៧០ឆ្នាំ បានចូលមកកម្ពុជាតាមកប៉ាល់ Norwaygian Jade កាលពីរសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។
ក្រសួងសុខាភិបាល បានឱ្យដឹងថា បន្ទាប់ពីបានចូលមកកាន់ប្រទេសកម្ពុជា ហើយដល់ពេលឡើងកប៉ាល់ត្រឡប់ទៅវិញ មានការពិនិត្យកំដៅឃើញថា គាត់មានឡើងដល់៣៨,៣អង្សាសេ ដោយក្រុមការងាររបស់កប៉ាល់នោះ ហើយមិនអនុញ្ញាតឱ្យគាត់ឡើងកប៉ាល់ទេ ព្រមទាំងបានរាយការណ៍មកមន្ទីរសុខាភិបាលខេត្តព្រះសីហនុ។ បន្ទាប់មក ក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានយកសំណាកវត្ថុវិភាគធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ លទ្ធផលបានបង្ហាញថា អវិជ្ជមានកូរ៉ូណាថ្មី (2019-NCov) នៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយវិទ្យាស្ថានប៉ាស្ទ័រ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាបានបញ្ចប់ទាំងស្រុងនូវវត្តមានជំងឺកូរ៉ូណា បន្ទាប់ពីបានព្យាបាលជនជាតិចិនម្នាក់ ដែលផ្ទុកជំងឺនេះហើយចូលមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ឱ្យជាសះស្បើយជាស្ថាពរ។ ជនជាតិចិនរូបនេះ បានចាកចេញពីមន្ទីរពេទ្យនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០៕