សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានបញ្ចុះថ្លៃផ្ទះ ខណៈរដ្ឋមិនយកពន្ធប្រថាប់ត្រាចំពោះផ្ទះតម្លៃក្រោម៧ម៉ឺនដុល្លារ រយៈពេល១ឆ្នាំ (Video inside)
24-02-2020 16:15
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានស្នើដល់ក្រុមហ៊ុនដែលធ្វើការ អភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់ ពិនិត្យលទ្ធភាព ក្នុងការបញ្ចុះតម្លៃជូនប្រជាពលរដ្ឋ ដែលមានតម្រូវការផ្ទះជាចាំបាច់ ខណៈដែលរាជរដ្ឋាភិបាលសម្រេចលើកលែងពន្ធប្រថាប់ត្រា ចំពោះផ្ទះដែលមានតម្លៃ៧ម៉ឺនដុល្លារចុះក្រោម រយៈពេល១ឆ្នាំ។
ការលើកឡើងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលសម្តេច ថ្លែងសារពិសេសមួយ ជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលើកលែងពន្ធប្រថាប់ត្រា សម្រាប់ផ្ទះក្នុងតម្លៃក្រោម៧ម៉ឺនដុល្លារសម្រាប់រយៈពេល១ឆ្នាំនេះ អនុវត្តន៍ចាប់ខែកុម្ភៈ ឆ្នាំ២០២០ ដល់ ខែមករា ឆ្នាំ២០២១ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលចុះបញ្ជីជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «រាជរដ្ឋាភិបាលសូមអំពាវនាវ ដល់ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានទាំងអស់ ឲ្យចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបញ្ចុះថ្លៃផ្ទះ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការមិនយកពន្ធប្រថាប់ត្រារយៈពេល១ឆ្នាំនេះ គឺសំដៅឲ្យអ្នកដែលមានប្រាក់មធ្យម អាចទៅទិញផ្ទះបានថោក៕