BREAKING: រដ្ឋបាលស្រុកព្រៃកប្បាស រកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ទៀត និងបានទៅព្យាបាលជំងឺនៅផ្ទះគ្រូពេទ្យផល្លា
15-04-2021 09:56
(តាកែវ)៖ រដ្ឋបាលស្រុកព្រៃកប្បាស ខេត្តតាកែវ បានជួយដំណឹងនៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះថា បានរកឃើញកើតជំងឺកូវីដ១៩ ចំនួន ២នាក់ទៀត។ អ្នកជំងឺទាំងពីរនាក់នេះ បានទៅកាន់កន្លែងជាច្រើនក្នុងស្រុក ហើយបានទៅព្យាបាលជំងឺនៅផ្ទះគ្រូពេទ្យផល្លាផងដែរ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានឱ្យដឹងថា អ្នកជំងឺទាំងពីររូបនេះរួមមាន៖ ឈ្មោះ ហែម សៅទី ភេទស្រី អាយុ ៣១ឆ្នាំ មានអាសយដ្ឋាននៅភូមិស្នា ឃុំស្មៅ ស្រុកព្រៃកប្បាស និងឈ្មោះ សេង ពុយហ្វា ភេទស្រី អាយុ ១២ឆ្នាំ ត្រូវជាក្មួយស្ត្រីអ្នកជំងឺទី១។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា ស្ត្រីទាំង០២រូបនេះ សង្ស័យប៉ះពាល់ជាមួយស្រី្តវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ ត្រី សិលា ហើយត្រូវបានក្រុមគ្រូពេទ្យយកសំណាកនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ ប៉ុន្តែថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ មុនយកសំណាក និងមុនចេញលទ្ធផលតេស្តវិជ្ជមាន ឈ្មោះ សេង ពុយហ្វា មានអាការៈឈឺក្តៅខ្លួន បានជួលម៉ូតូឌុប ឈ្មោះ ហាក់ ស៊ា ឱ្យយាយជូនទៅពិនិត្យព្យាបាល នៅផ្ទះពេទ្យ យិន វីរិយ៉ា ហៅពេទ្យ ផល្លា នៅផ្សារសៃវ៉ា និងបានចូលបើកលុយនៅ២ ក្បែរផ្ទះពេទ្យផល្លា ហើយបានចូលទៅលេងនៅផ្ទះឈ្មោះ ស៊ុន សៅ និងឈ្មោះ នាង អូន ហើយព្រឹកឡើងបានទៅទិញបបរនៅផ្ទះប្រជាជននៅក្បែរត្រពាំងពោរ។
ព្រឹកថ្ងៃទី១១ ខែមេសា ដដែលនោះ ស្ត្រីឈ្មោះ ហែម សៅទី និងឈ្មោះ សេង ពុយហ្វា បានទៅផ្សារព្រៃល្វា ដំបូងគាត់ផ្ញើម៉ូតូភាស៊ីផ្សារ រួចចូលទៅទិញស្បែកជើងនៅតូប ឈ្មោះ អ៉ី គន្ធា និង បន្តទៅទិញផ្លាកទីន ទៅតូបឈ្មោះ សាវីរី និងបន្តដើរមើលសាច់ បន្លែ តែមិនបានចូលទិញទេ រួចត្រឡប់មកយកម៉ូតូវិលត្រឡប់មកផ្ទះវិញ។
ស្ត្រីទាំងពីរូបនេះ បានអះអាងថា ពួកគាត់បានពាក់ម៉ាសជាប់ និងប្រើអាល់កុលសំអាតជាប្រចាំ។ លុះដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ទើបក្រុមគ្រូពេទ្យសង្ស័យចូលទៅយកសំណាកគាត់រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លទ្ធផលពិនិត្យសំណាកចេញវិជ្ជមានជំងឺកូវីង-១៩។
រដ្ឋបាលស្រុក សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋគ្រប់រូបដែលមាថការពាក់ព័ន្ធ ទីតាំងខាងលើដែលបុគ្គលវិជ្ជមាន បានពាក់ព័ន្ធ អញ្ជើញទៅជួបគ្រូពេទ្យដើម្បីពិនិត្យធ្វើតេស្ត និងយកសំណាក ចាប់ពីម៉ោង ៨ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១តទៅ នៅទីតាំងវិទ្យាល័យហេងសំរិនព្រៃល្វា ស្ថិតនៅភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
រដ្ឋបាលស្រុក សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋអនុវត្តឱ្យបានខ្ជាប់ខ្លួនតាមការណែថារបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង ៣កុំ»៕