មណ្ឌលចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន៣ទីតាំង នៅខណ្ឌឬស្សីកែវ កំពុងបន្តដំណើរការទទួលចាក់ទាំងវ៉ាក់សាំងដូសមូលដ្ឋាន និងដូសជុំរុញជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពលរដ្ឋ

20-01-2022 16:03

(ភ្នំពេញ)៖ ទីតាំងចំនួន៣ផ្សេងៗគ្នា រួមមាន៖ មណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះទី១ មន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ សង្កាត់គីឡូម៉ែត្រលេខ៦ និងនៅវត្តទួលសុវណ្ណារាម (វត្តទួលសង្កែ) សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បាននិងកំពុងដំណើរការបើកយុទ្ធនាការទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជុំរុញ សម្រាប់រយៈពេលកន្លះខែ ដល់មន្ត្រីជួរមុខ និងកុមារអាយុចាប់ពី៥ឆ្នាំឡើង ដែលមានរយៈពេល៦ថ្ងៃហើយ បើគិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ។

លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ និងក្នុងនាមក្រុមការងារចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៃរដ្ឋបាលខណ្ឌ នៅតែបន្តក្រើនរំលឹកឱ្យអាជ្ញាធរជូនដំណឹងដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌទាំងអស់ ឱ្យមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ទាំងដូសទី១ ដូសទី២ និងដូសទី៣ (ដូសជុំរុញ) ហើយនឹងដូសទី៤ ដើម្បីចូលរួមបង្ការទប់ស្កាត់វីរូសរាតត្បាតកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ឆ្លងក្នុងសហគមន៍ ដែលរកឃើញតាមរយៈក្រសួងសុខាភិបាល។

លើសពីនេះលោក ឯក ឃុនដឿន បានស្នើឱ្យប្រជាពលរដ្ឋ ដែលមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវភ្ជាប់មកជាមួយនូវឯកសារ រួមមាន៖ ប័ណ្ណ (កាត) ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងលើកទី១ លើកទី២ និងលើកទី៣ ក្រៅពីភ្ជាប់មកជាមួយនូវសំបុត្រកំណើត ឬអត្តសញ្ញាណ្ណប័ណ្ណសញ្ជាតិខ្មែរ, សៀវភៅស្នាក់នៅ, សៀវភៅគ្រួសារ ឬលិខិតឆ្លងដែន ដែលបានប្រើប្រាស់ក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់ដូសទី១។

ក្នុងនាមក្រុមការងារចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៃរដ្ឋបាលខណ្ឌឫស្សីកែវ បានសំណូមឱ្យប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវបង្កើនការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយប្រកាន់ភ្ជាប់នូវការរក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស់ តម្រង់ជួរ ក្នុងការអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕