អភិបាលខេត្តរតនគិរី ជំរុញក្រុមហ៊ុនម៉ៅការពន្លឿនការស្ថាបនាផ្លូវបេតុងជុំវិញផ្សារក្រុងបានលុង ឲ្យបានរួចរាល់មុនចូលឆ្នាំខ្មែរ
20-01-2022 17:15
(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានជំរុញឲ្យក្រុមហ៊ុនម៉ៅការពន្លឿនការស្ថាបនាផ្លូវបេតុងជុំវិញផ្សារក្រុងបានលុង ធ្វើយ៉ាងណាឲ្យបានរួចរាល់ នៅមុនចូលឆ្នាំខ្មែរខាងមុខនេះ។
ការជំរុញនេះធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ ក្នុងឱកាសចុះពិនិត្យពីវឌ្ឍនភាព នៃការស្ថាបនាដាក់លូ អមសងខាងផ្លូវដែលនឹងត្រូវចាក់បេតុង បន្ទាប់ពីការដាក់លូរួចជុំវិញផ្សារក្រុងបានលុង។
លោកអភិបាលខេត្តបន្តថា ផ្លូវបេតុងនេះស្ថាបនាឡើងដោយប្រើប្រាស់ថវិកា របស់សាលាខេត្តដែលមានប្រវែង៤២៨ម៉ែត្រ ទទឹង១៤.៥០ម៉ែត្រ ដាក់លូរំដោះទឹកភ្លៀងមានមុខកាត់៨តឹក និងរៀបការ៉ូឡា សងខាងផ្លូវផងដែរ។
គួរបញ្ជាក់ថា បន្ទាប់ពីការឡើងកាន់ដំណែងរបស់លោក ញ៉ែម សំអឿន ជាអភិបាលខេត្តរតនគិរីដ៏ខ្លីនេះ យើងឃើញថា ក្នុងក្រុងបានលុង មានភាពប្លែកមុខប្លែកមាត់បង្អួតនូវសម្រស់បន្តិចម្តងៗ ហើយសង្ឃឹមជឿជាក់ថា នៅអនាគតដ៏ខ្លីខាងមុខទីក្រុងបានលុង ក៏ដូចជាទូទាំងខេត្តរតនគិរី នឹងមានការអភិវឌ្ឍទៅមុខជាលំដាប់ ហើយក្លាយជាខេត្តដែលមានភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តកាន់តែច្រើនឡើងៗ៕