នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ ថ្កោលទោសជនអនាមិកប្រើប្រាស់រូប និងឈ្មោះសម្តេចពិជ័យសេនា ទៀ បាញ់ ក្លែងបន្លំនៅលើបណ្តាញសង្គម Facebook ក្នុងចេតនាបង្កចលលាចលក្នុងសង្គម
11-05-2022 17:14
(ភ្នំពេញ)៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ បានចេញសេក្តីប្រកាសព័ត៌មាន ច្រានចោលករណីជនអនាមិក បានប្រើប្រាស់រូបថត និងឈ្មោះរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅប្រើប្រាស់ក្លែងបន្លំនៅលើផេកហ្វេសប៊ុក (Facebook page) របស់ខ្លួនហើយ និងបានជេរប្រមាថ តិះដៀលគ្នា ដោយពាក្យសំដីមិនគប្បីនៅលើទំព័រហ្វេសប៊ុក (Facebook)។
ក្រសួងការពារជាតិ បានចាត់ទុកទង្វើដោយគ្មានការពិចារណា និងខ្វះសីលធម៌បែបនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រមុខថ្នាក់ដឹកនាំកាពារជាតិ នៃកម្ពុជា។
ក្រសួងការពារជាតិ សូមអំពាវនាវដល់ម្ចាស់គណនីហ្វេសប៊ុក (Facebook) ក្លែងបន្លំខាងលើបញ្ឈប់សកម្មភាពយកឈ្មោះប្រមុខការពារជាតិ ឬក៏ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ទៅប្រើប្រាស់ក្លែងបន្លំនៅលើបណ្ដាញសារព័ត៌មានសង្គម តទៅទៀត បើមិនដូច្នេះទេ ក្រសួងការពារជាតិ សហការជាមួយកម្លាំងមានសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់៕