មន្រ្តីជំនាញ និងអាជ្ញាធរខេត្តព្រះសីហនុ អញ្ជើញដាក់ប្រសីព្រះនេត រូបចម្លាក់ «ព្រះស្កន្ទគង់លើក្ងោក»

01-07-2022 13:09

(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២២ លោក យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ រួមជាមួយក្រុមការងារពាក់ព័ន្ធ បានអញ្ជើញដាក់ប្រសីព្រះនេត រូបចម្លាក់ ព្រះស្កន្ទគង់លើក្ងោក នៅវង្វង់មូលវិថីតេជោ។

តាមការបញ្ជាក់ពីក្រុមការងារជំនាញ បានឲ្យដឹងថា «រូបចម្លាក់ព្រះស្កន្ទគង់លើក្ងោក» ត្រូវបានធ្វើកសាងដោយស្នាដៃកូនខ្មែរសុទ្ធសាធសង់ពីស្ពាន់ ដើម្បីបង្ហាញពីវប្បធម៌ និងសុខសន្តិភាព ដែលបានតម្លើងស្ថិតនៅចំណុចប្រសព្វ វិថី២ធ្នូ និងវិថីសម្តេចតេជោ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បន្ទាប់ពីកម្ពុជា បានទទួលមកវិញកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ អនុលោមតាមអនុស្សារណៈ នៃការយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។

គួររំលឹកថា រូបចម្លាក់ព្រះស្កន្ទគង់លើក្ងោក សង់ឡើងពីថ្មភក់ ស្ថិតក្នុងប្រាសាទក្រចាប់ ក្នុងសម័យអង្គរនាពាក់កណ្ដាលទី១ នៃសតវត្សទី១០ នៃគ.ស។ ចម្លាក់ព្រះស្កន្ទទេព គីជាព្រះនៃសង្គ្រាមរបស់សាសនាហិណ្ឌូ កម្រមានឃើញនៅក្នុងសិល្បៈខ្មែរ ប៉ុន្តែត្រូវបានបង្ហាញរូបរាងយ៉ាងលេចធ្លោ នៅប្រាសាទក្រចាប់។

ប្រាសាទក្រចាប់ ជាប្រាសាទមួយក្នុងរមណីយដ្ឋានប្រាសាទកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី ១០ គ.ស ប្រាសាទកោះកេរធ្លាប់ជាគោលដៅនៃការលួចយកវត្ថុបុរាណជាទ្រង់ទ្រាយធំ អស់ជាច្រើនឆ្នាំអំឡុងកម្ពុជាស្ថិតក្នុងសម័យសង្គ្រាម និងអសន្តិសុខ។

សូមបញ្ជាក់ថា រូបសំណាកព្រះស្កន្ទគង់លើក្ងោក គឺជារូបសំណាកទី៤ បន្ទាប់ពីរូបសំណាកធំៗចំនួន៣ផ្សេងទៀត ដែលត្រូវបានកសាងលើទឹកដី នៃខេត្តព្រះសីហនុ និងបានទាក់ទាញនូវចំណាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអញ្ជើញមកទស្សនាយ៉ាងច្រើនកុះករ៕