សម្តេចតេជោ ហ៊ុន សែន៖ ក្រោមគោលនយោបាយគណបក្សប្រជាជន សាសនាទាំងអស់អាចរួមរស់ជាមួយគ្នាបាននៅកម្ពុជា ដោយគ្មានជម្លោះ (Video inside)
29-09-2022 12:52
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក បានអនុវត្តយ៉ាងត្រឹមនូវសុខដុមសាសនា ដែលធ្វើឱ្យគ្រប់សាសនាអាចរួមរស់នៅជាមួយគ្នាបាន ដោយមិនមានជម្លោះ។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញអធិបតីប្រារព្ធ «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ។
សម្តេចបានលើកឡើងថា «ចំណុចល្អរបស់យើង គឺនៅត្រង់ថា ថ្ងៃនេះយើងសង្កេតឃើញថា នូវវត្តមានរបស់គ្រប់សាសនាធំៗនៅកម្ពុជា ដែលមានព្រះពុទ្ធសាសនា ឥស្លាមសាសនា និងគ្រឹស្ទសាសនា អង្គុយជាមួយគ្នា នោះហើយដែលខ្ញុំនិយាយថា គណបក្សប្រជាជន តាំងពីដើមរហូតដល់ចប់ អនុវត្តយ៉ាងត្រឹមត្រូវនូវគោលនយោបាយសុខដុមជាតិសាសន៍ និងសាសនា ដែលផ្តល់ឱកាសឱ្យគ្រប់សាសនាទាំងអស់ អាចរួមរស់នៅជាមួយគ្នា ដោយមានគោលដៅឆ្ពោះទៅមុខទាំងអស់គ្នា»។
សម្តេចបានបន្តថា ការខុសគ្នារវាងជាតិសាសន៍ និងសាសនា មិនមែនជាឧបសគ្គរារាំងដល់ដំណើរការអភិវឌ្ឍប្រទេសកម្ពុជានោះទេ នេះជាអ្វីដែលបាន និងកំពុងកើតនៅលើទឹកដីកម្ពុជា ដែលនៅប្រទេសខ្លះ ដែលចាត់ទុកជាប្រទេសគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គ្រាន់តែការជួបមុខសាសនាមួយ និងសាសនាមួយ ឬសាសនាដូចគ្នាក៏ប៉ុន្តែនិកាយខុសគ្នា គេអាចប្រើ ហិង្សាដាក់គ្នា ក៏ប៉ុន្តែនៅកម្ពុជា យើងនៅទីនេះគឺបង្ហាញច្បាស់ហើយ ព្រះពុទ្ធសាសនារបស់យើង មានមហានិកាយ និងធម្មយុទ្ធ ក៏យើងនៅជាមួយគ្នា សាសនាឥស្លាមក៏មាននិកាយច្រើន សាសនាយេស៊ូគ្រីស្ទក៏មាននិកាយច្រើនដែរ។
សម្តេចបន្តទៀតថា ការខុសគ្នាខាងនិកាយក្តី ការខុសគ្នាខាងសាសនានីមួយៗក្តី ការខុសគ្នាអំពីជាតិសាសន៍ និងការខុសគ្នារវាងសាសនានីមួយៗក្តី មិនមែនជាឧបសគ្គរារាំង នៃគោលដៅរួមរបស់យើងទេ ដូចជាកន្លងទៅគោលដៅរួមរបស់យើង គឺប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។
នៅក្នុងវេទិកានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យសាសនាទាំងអស់ ចូលរួមពីដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស នៅក្នុងប្រទេសកម្ពុជាផងដែរ៕