តំណាងរដ្ឋមន្ត្រី ប៉េង ពោធិ៍នា នាំយកសារលិខិតរំលែកមរណទុក្ខចូលរួមក្នុងពិធីបុណ្យសពនិស្សិត ចាន់ ឧត្តម ដែលបានស្លាប់នៅក្នុងប្រទេសអ៉ីស្រាអែល

12-10-2023 11:43

(កណ្តាល)៖ ដោយទទួលបានចំណាត់តាំងពីលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ លោក សឿន ប៊ុនលី អគ្គនាយកនៃអគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ ព្រមទាំងមន្ត្រីក្រោមឱវាទ បានអញ្ជើញនាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាមួយចំនួន ចូលរួមក្នុងពិធីបុណ្យសព លោក ចាន់ ឧត្តម និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានទទួលមរណភាពក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ទី០៧ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។

កម្មវិធីបុណ្យបានប្រព្រឹត្តទៅនៅគេហដ្ឋានសពស្ថិតក្នុង ឃុំកោះធំ «ខ» ស្រុកកោះធំ ខេត្តកណ្តាល។ ជាមួយនឹងបរិយាកាសដ៏សែនក្រៀមក្រំនេះលោកអគ្គនាយក តំណាងដ៏ខ្ពង់ខ្ពស់ លោក ប៉េង ពោធិ៍នា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមរំលែកទុក្ខប្រកបដោយក្ដីសង្វេគ ដោយសារការបាត់បង់ លោក ចាន់ ឧត្តម គឺជាការបាត់បង់នូវសាច់ញាតិ ដែលប្រកបដោយកតញ្ញូតាធម៌ គុណធម៌ ចំពោះក្រុមគ្រួសារ ហើយនេះក៏ជាការបាត់បង់ធនធានមនុស្សដ៏មានសក្តានុពលសម្រាប់ប្រទេសជាតិផងដែរ។ យើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ចាន់ ឧត្តម សូមបានយោនយកកំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕