ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសមាជិកថ្មី របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
17-07-2025 14:25
(ភ្នំពេញ)៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិកថ្មី របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមអធិបតីភាពឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី។
ពិធីនេះក៏មានអញ្ជើញចូលរួមពីមន្រ្តីរាជការ បុគ្គលិក និស្សិតជាសមាជិក-សមាជិកា ភ្ញៀវកិត្តិយសជាតិ សរុបជាង៥០០នាក់នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។
ជាកិច្ចចាប់ផ្តើមលោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល, ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាអនុប្រធានប្រតិបត្តិទទួលបន្ទុកជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានសម្តែងនូវគារវៈកិច្ចគោរពដ៏ខ្ពង់ខ្ពស់ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក ហ៊ុន ម៉ានី និងបានរាយការណ៍ជាសង្ខេបជូនគណៈអធិបតី និងអង្គពិធីពីដំណើរ និងសកម្មភាពជាឧត្តមប្រយោជន៍របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
ក្រោយពីបានស្តាប់បទបង្ហាញ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងកោតសរសើរអរអរគុណចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានចូលរួមចំណែកយ៉ាងច្រើនក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋជាច្រើនឆ្នាំមកនេះ។
ក្នុងឳកាសនោះឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងពីវឌ្ឍនភាពវិស័យសុខាភិបាលមានការបោះជំហានពីមួយដំណាក់កាលទៅមួយដំណាក់កាល ។
ក្នុងឳកាសជួបសំណេះសំណាលជាមួយសមាជិកថ្មី របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឧបនាយករដ្ឋមន្ត្រីបានរំលេចពីសារៈសំខាន់នៃការងារស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា «ការងារស្ម័គ្រចិត្ត គឺជាការងារដែលធ្វើចេញពីចិត្ត បេះដូង និងក្តីស្រលាញ់ ហើយការងារមួយនេះជាជំនាញទន់មួយនឹងបង្រៀនឲ្យយើងចេះធ្វើការងារជាក្រុម ចេញធត់ធ្មត់នឹងការលំបាក និងបង្កើតទំនាក់ទំនងនៅក្នុងសង្គម ពិសេសបានបង្ហាញឲ្យឃើញពីសមត្ថភាពរបស់ខ្លួន តាមរយៈការយកទ្រីស្តីដែលយើងបានសិក្សារៀនសូត្រនៅសាលា មកអនុវត្តជាក់ស្តែង ឲ្យឃើញថាមានភាពដូចគ្នា និងខុសគ្នាយ៉ាងណា រួមទាំងបានបទពិសោធន៍និងអនុស្សាវរីយ៍មួយដ៏មានអត្ថន័យនៅក្នុងជីវិត»។
លោក ហ៊ុន ម៉ានី ក៏បានគូសរម្លឹកពីសមិទ្ធផលមួយចំនួនគិតចាប់ពីឆ្នាំ២០២៣ មកដល់បច្ចុប្បន្ននេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានចូលរួមចំណែកផ្តល់សេវាអប់រំ ថែទាំ ព្យាបាលសុខភាពជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ បានចំនួន ២០ លើក សរុបប្រជាពលរដ្ឋមកទទួលសេវា ចំនួន ១៥៦, ៩១៥ នាក់។ ក្រៅពីសកម្មភាពចុះអប់រំ ថែទាំ ព្យាបាល សុខភាពនេះ មន្រ្តី បុគ្គលិក និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានចូលរួមយ៉ាងសកម្មជាមួយការងារសង្គមផ្សេងៗ ដែលរួមមានការចូលរួមសកម្មភាព ក្នុងនាមជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា សកម្មភាពកាកបាទក្រហមកម្ពុជា សកម្មភាពសប្បុរសធម៌ជួយនិស្សិតដែលខ្វះខាត លទ្ធភាពបន្តការសិក្សា ការងារបរិច្ចាកឈាម ការងារបរិស្ថាន កីឡា និងសិល្បៈ និងជាពិសេសការចូលរួមជាមួយរាជរដ្ឋាភិបាល គាំទ្រលើកទឹកចិត្តកងទ័ពដែលកំពុងប្រចាំការ ការពារប្រទេស នៅសមរភូមិមុខជាដើម៕