រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ​និង​ថ្នាក់ដឹកនាំ មន្ត្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រួមគ្នាដាំកូនឈើក្នុងបរិវេណរោងចក្រផលិតទឹកស្អាត បាក់ខែង ​ដើម្បីអបអរសាទរ ​«រុក្ខទិវា​»

17-07-2025 15:14

(ភ្នំពេញ)៖ លោក ហែម វណ្ណឌី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងថ្នាក់ដឹកនាំ និងបុគ្គលិករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំពិធីដាំកូនឈើក្នុងបរិវេណរោងចក្រផលិតទឹកស្អាតបាក់ខែង ​ដើម្បីអបអរសាទរ​ «រុក្ខទិវា​» ៩ កក្កដា និងដើម្បីរួម​ចំណែកក្នុងការថែរក្សាបរិស្ថាន កាត់បន្ថយកម្តៅ និងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិផ្សេង។

ក្នុងឱកាសនេះ លោក ហែម វណ្ណឌី ថ្លែងថា នេះជាលើកទី២ហើយដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានរៀបចំពិធីដាំកូនឈើនេះ ក្នុងបរិវេណរោងចក្រផលិតទឹកស្អាតបាក់ខែង ដោយលើកទី២នេះ បានដាំដើមគ្រញូង១៥០ ដើម និងថ្កុលចំនួន២ ដើម។ ​ នេះជាការដាំបន្ថែមទៅលើកូនឈើគ្រញូង បេង នាងនួន និងធ្នង់ចំនួន ៣៩៨ ដើម ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានដាំក្នុងបរិវេណរោចក្រនេះ កាលពីខែកញ្ញា ឆ្នាំ២០២៤។

លោកបានលើកឡើងបន្តថា «ការដាំនេះ គឺយឺតបន្តិច ប៉ុន្តែល្អជាងយើងអត់បានធ្វើ។ហើយនេះ គឺជាការស្តែងនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការថែរក្សាបរិស្ថាន កាត់បន្ថយកម្តៅ និងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិផ្សេងៗ» លោកបានលើកឡើងបន្ថែមថា ផ្អែកតាមការស្រាវជ្រាវបានបង្ហាញថា ការដាំដើមឈើ គឺជាយុទ្ធសាស្រ្តមួយ ក្នុងការបន្ថយសីតុណ្ហភាពខ្យល់បានពី២ទៅ៨អង្សា។ ការដាំដើមឈើនៅជុំវិញអគារអាចកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីត្រជាក់បាន៣០%។ លើសពីនេះ ដើមឈើមួយដើម អាចស្រូបយក ការបូន ពី១៥គីឡូក្រាមក្នុងមួយឆ្នាំ ដែលរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ​៕