អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ណែនាំឱ្យតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ពង្រឹង និងពង្រីកកិច្ចសហការដើម្បី​ត្រៀមសម្រាប់ការអនុវត្ត «កម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ»

17-07-2025 18:17

(ភ្នំពេញ)៖ ​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥​នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១៤ ដោយមានការចូលរួមពី​អនុប្រធាន និងសមាជិកនៃក្រុមប្រឹក្សាគាំពារសង្គម ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងរដ្ឋបាលខេត្តព្រះវិហារ និងខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗចំនួន២ គឺសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីកម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ និងវឌ្ឍនភាពនៃការរៀបចំប្រព័ន្ធឌីជីថលបញ្ជាក់ចំណាយរបស់ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ។

​សម្រាប់របៀបវារៈទី១ ​អង្គប្រជុំបានពិនិត្យ និងពិភាក្សា យ៉ាងយកចិត្តទុកដាក់ និងផុសផុលលើឯកសារសំខាន់ៗចំនួន៣ រួមមាន សេចក្តីព្រាងគោលការណ៍ណែនាំ, សេចក្ដីព្រាងអនុក្រឹត្យ និងសេចក្តីព្រាងសេចក្តីសម្រេចស្តីពីកម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ។ ការរៀបចំឯកសារទាំង៣នេះ ជាការត្រៀមខ្លួនក្នុងការដាក់ឱ្យដំណើរការ«កម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ» ដែលជាកម្មវិធីថ្មីមួយក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា ក្នុងគោលបំណងផ្តល់ការគាំទ្រដល់គ្រួសារក្រីក្រដែលមានបណ្ណសមធម៌។ ការគាំទ្រក្នុងកម្មវិធីនេះ រួមមានប្រាក់ដើមទុនដំបូងដើម្បីទិញទ្រព្យសកម្មសម្រាប់ប្រកបរបរ និងការបណ្តុះបណ្តាលដោយភ្ជាប់ជាមួយប្រាក់ឧបត្ថម្ភ ព្រមទាំងការចុះបង្វឹកតាមខ្នងផ្ទះជាប្រចាំបន្ថែមលើអត្ថប្រយោជន៍គាំពារសង្គមនានា ដើម្បីកសាងសមត្ថភាព ភាពធន់ ក្នុងការលើកកម្ពស់ជីវភាពគ្រួសារក្រីក្រ ដើម្បីឱ្យគ្រួសារមានសមត្ថភាពចាកចេញពីភាពក្រីក្រ ជាជំហានៗ និងប្រកបដោយចីរភាព ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ស្របតាមចក្ខុវិស័យដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានបញ្ជាក់អំពីសារៈសំខាន់នៃ«ការបង្រៀនពលរដ្ឋស្ទូចត្រី បន្ថែមលើការផ្តល់ត្រី ដល់ពួកគាត់»។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងយកចិត្តទុកដាក់លើចំណុចសំខាន់ៗ និងបានផ្តល់មតិយោបល់ក្នុងន័យកែសម្រួលដើម្បីឱ្យឯកសារទាំង ៣ខាងលើកាន់តែមានភាពពេញលេញ និងសង្គតិភាព មុននឹងគោរពស្នើសុំការពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល លើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការអនុវត្តកម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ នៅពេលខាងមុខ។

សម្រាប់របៀបវារៈទី២ ​ក្រុមការងារជំនាញនៃទីភ្នាក់ងារជាតិបញ្ជាក់ចំណាយបានគោរពរាយការណ៍ជូនអង្គប្រជុំអំពីសារបាននៃ ប្រព័ន្ធឌីជីថលបញ្ជាក់ចំណាយរបស់ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ដោយបានបញ្ជាក់ថា ប្រព័ន្ធឌីជីថលបញ្ជាក់ចំណាយនេះ ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់រួចហើយរបស់ សម្ដេច ធិបតីនាយករដ្ឋមន្ត្រី ក្នុងការដាក់ឱ្យអនុវត្តជាផ្លូវការ នៅមុនដំណាច់ឆ្នាំ២០២៥ នេះ។ បច្ចុប្បន្ន​ ទ.ជ.ប. បាន និងកំពុងបន្តអភិវឌ្ឍប្រព័ន្ធឌីជីថលបញ្ជាក់ចំណាយ ដើម្បីធ្វើការបញ្ជាក់ចំណាយលើការស្នើសុំទូទាត់របស់មូលដ្ឋានសុខាភិបាល ដែលផ្តល់សេវាក្រោមមូលនិធិសមធម៌សុខាភិបាល និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ។

ដើម្បីគាំទ្រការដាក់ឱ្យដំណើរការប្រព័ន្ធបញ្ជាក់ចំណាយថ្មីនេះ​ ទ.ជ.ប. បានរៀបចំឯកសារគតិយុត្ត និងកិច្ចការពាក់ព័ន្ធមួយចំនួន ដូចជាសេចក្តីព្រាងអនុក្រឹត្យស្តីពីការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម, ស្តង់ដាប្រតិបត្តិស្តីពីការបញ្ជាក់ចំណាយ ក្នុងក្របខណ្ឌប្រព័ន្ធគាំពារសង្គម, អភិវឌ្ឍប្រព័ន្ធ EMR កម្រិតមណ្ឌលសុខភាព ដែលបានសហការជាមួយក្រសួងសុខាភិបាល, បន្តសហការជាមួយភាគីពាក់ព័ន្ធ និងគាំទ្រក្រសួងសុខាភិបាល ក្នុងការរៀបចំប្រព័ន្ធ EMR សម្រាប់កម្រិតមន្ទីរពេទ្យ។ បន្ថែមលើនេះ​ ក្រុមការងារជំនាញនៃ ទ.ជ.ប. ក៏បាន និងកំពុងដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធបញ្ជាក់ចំណាយថ្មីនេះ មួយរយៈរួចមកហើយ ក្នុងកម្រិតមណ្ឌលសុខភាព ជាមួយនឹងលទ្ធផលល្អប្រសើរ។

​ផ្អែកតាមវឌ្ឍនភាពការងារ និងការគ្រោងសកម្មភាពរបស់ ទ.ជ.ប. និងដោយមានការចូលរួមគាំទ្ររបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ប្រព័ន្ធឌីជីថលថ្មីសម្រាប់ការបញ្ជាក់ចំណាយនេះ នឹងអាចដាក់ដំណើរការជាផ្លូវការ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ តាមពេលកំណត់ ដូចបានគោរពរាយការណ៍ជូន សម្ដេចធិបតីនាយករដ្ឋមន្ត្រី នាពេលកន្លងមក។

​​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ​បានណែនាំឱ្យតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធពង្រឹង និងពង្រីកកិច្ចសហការ ដើម្បីជាការត្រៀមសម្រាប់ការអនុវត្ត «កម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ» និង «ប្រព័ន្ធឌីជីថលបញ្ជាក់ចំណាយរបស់ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ»ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។