ក្រសួងឧស្សាហកម្ម និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងបន្តបំពាក់ប្រព័ន្ធបន្សុទ្ធទឹកបរិសុទ្ធនៅតាមមន្ទីរពេទ្យនានា សម្រាប់អ្នកជំងឺទទួលទានដោយឥតគិតថ្លៃ ដើម្បីកាត់បន្ថយការចំណាយរបស់អ្នកជំងឺ (Video inside)
17-07-2025 18:47
(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដាក់ផែនការពង្រីកការផ្គត់ផ្គង់ទឹកស្អាត សម្រាប់អ្នកជំងឺនៅតាមមន្ទីរពេទ្យទទួលទានដោយឥតគិតថ្លៃ តាមរយៈការបំពាក់ប្រព័ន្ធបន្សុទ្ធទឹកបរិសុទ្ធនៅតាមបណ្តាមន្ទីរពេទ្យនានា ដើម្បីដាក់ជូនដល់អ្នកសម្រាកព្យាបាលជំងឺ ទទួលពិសាដោយមិនគិតថ្លៃ ក្នុងគោលបំណងកាត់បន្ថយការចំណាយរបស់អ្នកជំងឺ។
ប្រព័ន្ធបន្សុទ្ធទឹកបរិសុទ្ធ ដែលបានបំពាក់ជូននៅតាមមន្ទីរពេទ្យនេះ គឺផ្តល់ទឹកស្អាតដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដារទឹកស្អាត ដើម្បីលើកកម្ពស់អនាម័យ និងសុវត្ថិភាព សុខភាព នៅក្នុងមន្ទីរពេទ្យ និងកាត់បន្ថយហានិភ័យ នៃការចម្លងមេរោគ។ ការបំពាក់ប្រព័ន្ធបន្សុទ្ធទឹកបរិសុទ្ធនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាព សេវាព្យាបាល និងសុវត្ថិភាព សុខុមាលភាពជូនប្រជាពលរដ្ឋ ជាពិសេសកុមារី-កុមារាកម្ពុជាទាំងអស់ ដែលមកទទួលសេវាកម្មព្យាបាលនៅក្នុងមន្ទីរពេទ្យ។
លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការបំពាក់ប្រព័ន្ធបន្សុទ្ធទឹកបរិសុទ្ធនៅតាមបណ្តាមន្ទីរពេទ្យនានា នឹងជួយសម្រួលបន្ទុកថវិការបស់ពលរដ្ឋដែលរកសេវាព្យាបាលនៅតាមមន្ទីរពេទ្យ ក៏ដូចជាកាត់បន្ថយការសំណល់ប្លាស្ទិកផងដែរ។
បើតាមលោករដ្ឋមន្រ្តី មកទល់ពេលនេះ ប្រព័ន្ធបន្សុទ្ធទឹកបរិសុទ្ធនេះ បានដាក់ឱ្យប្រើប្រាស់នៅតាមមន្ទីរពេទ្យចំនួន២ហើយក្នុងរាជធានីភ្នំពេញ រួមមានមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរព្រះអង្គឌួង ហើយនៅពេលខាងមុខ ក្រសួងឧស្សាហកម្ម និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងបន្តដាក់នៅតាមមន្ទីរពេទ្យចំនួន៧ទៀត និងពិនិត្យលទ្ធភាពដាក់នៅតាមមន្ទីរពេទ្យផ្សេងទៀតនៅតាមខេត្តផងដែរ។
ប្រព័ន្ធបន្សុទ្ធទឹកបរិសុទ្ធ មានសមត្ថភាពផលិតទឹកស្អាតបាន២៥០លីត្រក្នុងមួយម៉ោង ក្នុងនោះម៉ាស៊ីនចំនួន២គ្រឿង មានទីតាំងស្ថិតនៅក្នុងបរិវេណនៃអគារគន្ធបុប្ផាទី៤ ចំនួន១គ្រឿង និងអគារគន្ធបុប្ផាទី៥ ចំនួន១គ្រឿង ដោយយកប្រភពទឹកពីបណ្តាញទុយោទឹកស្អាត របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
ម៉ាស៊ីនបន្សុទ្ធទឹកនេះ បានផលិតទឹកបរិសុទ្ធដែលមានគុណភាពខ្ពស់បញ្ជូនទៅទូក្បាលរ៉ូប៊ីណេស្វ័យប្រវត្តិ ដែលបានបំពាក់នូវធុងស្តុកសម្ពាធទឹក Reverse Osmosis ចំណុះ ៤១លីត្រ ប្រព័ន្ធ សម្លាប់មេរោគ Ultra Violet (UV) និងក្បាលរ៉ូប៊ីណេស្វ័យប្រវត្តិប្រើប្រាស់បច្ចេកវិទ្យា Infrared Red Sensor ចំនួន១៥។
បន្ទាប់ពីការប្រគល់ទទួលប្រព័ន្ធបន្សុទ្ធទឹកបរិសុទ្ធនេះរួចរាល់ មន្ទីរពេទ្យគន្ធបុប្ផា នឹងបន្តទទួលខុសត្រូវលើការថែទាំប្រព័ន្ធនេះ ជាប្រចាំស្របតាមបទដ្ឋានណែនាំ ដើម្បីធានាដល់ដំណើរការល្អ និង ប្រើប្រាស់បានយូរអង្វែង៕