នាយឧត្តមសេនីយ៍ ស ថេត បញ្ជាកម្លាំងនគរបាលបង្រ្កាបបទល្មើសបច្ចេកវិទ្យា (Online Scams) និងបន្តបិទវេបសាយលេងល្បែងអនឡាញ
17-07-2025 18:50
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញបទបញ្ជាកម្លាំងនគរបាលទាំងអស់ ត្រូវចេញប្រតិបត្តិការបង្រ្កាបបទល្មើសបច្ចេកវិទ្យា (Online Scams) ជាបន្ទាន់មិនត្រូវឲ្យកើតមានភាពថ្លោះធ្លោយជាដាច់ខាត ជាពិសេសត្រូវបង្កើតកម្លាំងជំនាញស្ដង់ដារ SOP ដើម្បីចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេះ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត ស្របតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់បទបញ្ជាស្តីពីយុទ្ធនាការបោសសម្អាតបទឧក្រិដ្ឋឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស។
ការដាក់បទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។
នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់ស្នងការនគរបាលរាជធានី-ខេត្ត ពិសេសនាយកដ្ឋាន-អង្គភាពជំនាញត្រូវបន្តចាត់វិធានការបច្ចេកទេស ដើម្បីបិទវេបសាយទាក់ទងទៅនឹងការផ្សព្វផ្សាយ ក៏ដូជាការលេងល្បែងអនឡាញនៅកម្ពុជា ហើយត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវរួមសហការគ្នាបង្កើតក្រុមការងារកម្រិតស្ដង់ដារ SOP ដើម្បីចុះប្រតិបត្តិការ ត្រួតពិនិត្យ ស្រាវជ្រាវ និងបង្រ្កាបក្រុមប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទឲ្យអស់នៅទូទាំងប្រទេស ដោយមិនត្រូវបណ្ដែតបណ្ដោយឲ្យក្រុមទាំងអស់នេះត្រឡប់មកប្រព្រឹត្តិបទល្មើសនេះវិញជាដាច់ខាត។
ជាមួយគ្នា នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានក្រើនរំលឹកដល់មន្រ្តីក្រោមឱវាទទាំងអស់ ត្រូវអនុវត្តកិច្ចការងារខាងលើនេះឲ្យទទួលបានជោគជ័យ ស្របទៅតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលស្ដីពីបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្ដីណែនាំនានាដែលរាជរដ្ឋាភិបាលបានដាក់ចុះឲ្យអនុវត្តផងដែរ។
បន្ថែមពីលើកកិច្ចការទាំងអស់នេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំដល់មន្រ្តីប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបង្កើនកិច្ចសហការជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងក្រៅស្រុកល្បីៗ ដើម្បីធ្វើការបំភ្លឺ និងឆ្លើយបន្ទាន់ចំពោះការចោទប្រកាន់ លាភពណ៌ បំភ្លៃការពិត និងដាក់បន្ទុក នៃព្រឹត្តិការណ៍បទល្មើសផ្សេងៗមកលើកម្ពុជាពីសំណាក់ភាគីថៃ។ ទន្ទឹមនិងនេះ ត្រូវកោះអញ្ជើញមន្ដ្រីស្ថានទូតនានានៅកម្ពុជា ដើម្បីពន្យល់បន្ថែមពីសភាពការណ៍បទល្មើសដែលកើតឡើងពិតប្រាកដនៅកម្ពុជា ជូនទៅដល់មន្រ្តីស្ថានទូតបានជ្រាបកាន់តែច្បាស់កុំឲ្យមានការភាន់ច្រឡំ។
យោងតាមរបាយកណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា រយៈពេល៦ខែ ឆមាសទី១ ឆ្នាំ២០២៥នេះ សមត្ថកិច្ចពាក់ព័ន្ធបង្រ្កាបបទល្មើសបច្ចេកវិទ្យា (Online Scams) ចំនួន ១៨លើក នៅរាជធានី-ខេត្តចំនួន១០ ដោយឃាត់ខ្លួនមនុស្ស២,៤១៨នាក់ ក្នុងនោះកសាងសំណុំរឿងបញ្ជូនទៅតុលាការ៧៣នាក់ និងបណ្ដេញចេញ២,៣២២នាក់ ដែលមានអ្នកប្រព្រឹត្តិបទស្មើសជាជនជាតិខ្មែរ, ចិន, ថៃ, មីយ៉ាន់ម៉ា, វៀតណាម, ឡាវ, ឥណ្ឌា, ប៉ាឡេស្ទីន, ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីជាដើម។
ដោយឡែក ចំពោះកិច្ចការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្ម សមត្ថកិច្ច បានដំណើរការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ចំនួន៦៦ករណី និងបានបញ្ជូន សំណុំរឿងទៅអយ្យការសាលាដំបូងរាជធានី-ខេត្ត ដោយស្នើសុំចោទប្រកាន់ពីបទល្មើសសម្អាតប្រាក់សរុប ចំនួន ៣១ករណី លើជនសង្ស័យចំនួន៩៦នាក់ ក្នុងនោះ ជនជាតិខ្មែរ ២៧នាក់ ចិន១៧នាក់ ថៃ៧នាក់ មីយ៉ាន់ម៉ា២នាក់ វៀតណាម៣៧នាក់ ឡាវ២នាក់ ឥណ្ឌា២នាក់ ប៉ាឡេស្ទីន១នាក់ និងម៉ាឡេស៊ី១នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន៕