អគ្គស្នងការដ្ឋាននគរបាលជាតិ សមយុទ្ធពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅផ្សារទំនើបអ៉ីអន១ ដើម្បីបញ្ចៀបការយល់ដឹងដល់បុគ្គលិក

17-07-2025 19:17

(ភ្នំពេញ)៖ ខណៈបញ្ហាអគ្គិភ័យ បានកើតឡើងជាញឹកញាប់នៅទូទាំងប្រទេស គួរឲ្យព្រួយបារម្ភនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ ដើម្បីបង្រៀនទៅដល់ប្រជាពលរដ្ឋ អាជីវករ និងបុគ្គលិក នៃផ្សារទំនើប AOEN1 ពីវិធីនៃការបង្ការ និងពន្លត់អគ្គិភ័យ ក៏ដូចជាការជួយសង្គ្រោះជាដើម។

ក្នុងពិធីសមយុទ្ធនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សឿ រិទ្ធី អនុប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ បានឲ្យដឹងថា នេះជាលើកទី៩ហើយ ដែលអគ្គស្នងការដ្ឋាននគរបាលជាតិ មានកិច្ចសហការជាមួយផ្សារទំនើប AOEN1 ដើម្បីធ្វើលំហាត់សមយុទ្ធពន្លត់អគ្គិភ័យ ដែលនៅពេលនេះ មានអ្នកចូលរួមអនុវត្តផ្ទាល់ជាង៤០០នាក់ រួមទាំងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ និងឧបករណ៍សម្ភារមួយចំនួនទៀត។

លោកឧត្តមសេនីយ៍ទោអនុប្រធាននាយកដ្ឋាន បានបន្ថែមថា ការធ្វើលំហាត់សមយុទ្ធនេះ បន្ថែមទៅលើការត្រៀមរួចរាល់របស់ប្រជាពលរដ្ឋ ក៏ដូចជាតាមផ្សារទំនើប ដែលមានឧបករណ៍សម្ភារ សម្រាប់បង្ការ និងពន្លត់អគ្គភ័យដែលមានស្រាប់ ហើយការបង្រៀននេះ ក៏កាន់តែធ្វើឲ្យពួកគេចេះប្រើរបស់ឧបករណ៍ទាំងអស់នោះបានត្រឹមត្រូវ ហើយពន្លត់អគ្គិភ័យ និងសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា ស្របពេលដែលបញ្ហាអគ្គិភ័យ បានកើតឡើងច្រើនគួរឲ្យព្រួយបារម្ភនោះ។

លោក ផុន រក្សា អនុប្រធានគ្រប់គ្រងផ្នែកសុវត្ថិភាព និងជាតំណាងផ្សារទំនើប AOEN MALL បានឲ្យដឹងថា ប្រធានបទកម្មវិធីធ្វើលំហាត់សមយុទ្ធនេះ មានចំនួន៤ធំៗ ក្នុងនោះមាន ការពន្លត់អគ្គិភ័យ ការជម្លៀសអតិថិជន ការប្រើប្រាស់ដំបង សាហ្សួម៉ាតាក់ និងការសង្គ្រោះបឋម ហើយសូមអរគុណនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ ដែលបានរៀបចំនូវកម្មវិធីនេះឡើយ ដែលអាចផ្ដល់ចំណេះដឹងដល់បុគ្គលិក អាជីវករក្នុងផ្សារ និងប្រជាពលរដ្ឋ។

សូមជម្រាបថា កាលពីឆ្នាំ២០២៤ មានករណីអគ្គិភ័យកើតឡើងចំនួនជាង១ពាន់លើក បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន១៤នាក់ និងរបួស៤៣នាក់។ ដោយឡែករយៈពេល៦ខែ ឆ្នាំ២០២៥ អគ្គិភ័យកើតឡើងជាង៥០០លើក ហើយមានអ្នកស្លាប់រហូតដល់២១នាក់៕