តារាចម្រៀង ប៊ុន សំបូរ ចេញចម្រៀងមួយបទ «ផ្ញើបេះដូងនៅខ្មែរក្រោម» បន្ទាប់ពីដក់ចិត្តនឹងដែនដីមួយនេះ (Video inside)
17-07-2025 19:23
(ភ្នំពេញ)៖ តារាចម្រៀងខ្មែរកណ្តាលមួយរូប គឺលោក ប៊ុន សំបូរ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានចេញចម្រៀងមួយបទ ក្រោមចំណងជើងថា «ផ្ញើបេះដូងនៅខ្មែរក្រោម» បន្ទាប់ពីរូបលោក បានដក់ចិត្តនឹងដែនដីដ៏ស្រស់ត្រកាលមួយនេះ។
ជាមួយនឹងការផ្តើមឃ្លាដោយពាក្យថា «ជម្រាបសួរបាទបងប្អូនកម្ពុជាក្រោម» បទចម្រៀងមួយនេះ បានរៀបរាប់ពីអារម្មណ៍លួចស្នេហានារីខ្មែរក្រោមន នៅខេត្តព្រះត្រពាំង របស់បុរសខ្មែរកណ្តាលម្នាក់។ ក្នុងបទ «ផ្ញើបេះដូងនៅខ្មែរក្រោម» បុរសខ្មែរកណ្តាល ក៏បានបួងសួងឲ្យរូបគាត់បានក្លាយជាគូគាប់នឹងនារីខ្មែរក្រោម និងនៅជាមួយគ្នារហូតតទៅ។
តារាចម្រៀងខ្មែរ ប៊ុន សំបូរ បានប្រាប់ Fresh News ឲ្យដឹងថា លោកពិតជាមានអារម្មណ៍នឹងនាខ្មែរក្រោមខ្លាំងណាស់ និងចង់ទៅលេងទីនោះបន្តទៀត។ លោករំភើបយ៉ាងខ្លាំង ដែលនៅទីនោះបងប្អូនខ្មែរក្រោមទទួលរាក់ទាក់រូបលោក ដូចបងប្អូនបង្កើត។
លោកថា «ទោះខ្ញុំឃ្លាតឆ្ងាយមកកម្ពុជា តែខ្ញុំទុកបេះដូងខ្ញុំនៅជាមួយបងប្អូនខ្មែរក្រោមហើយ»។
សូមជម្រាបថា បទចម្រៀងនេះ ត្រូវបានផលិតឡើងបន្ទាប់ពីលោក ប៊ុន សំបូរ បានទៅច្រៀង និងលេងកម្សាន្តដែនដីខ្មែរក្រោម ៤ថ្ងៃ ក្នុងឱកាសព្រះធម្មវិមានត្ថេរ ថាច់ ញុឹក ព្រះចៅអធិការវត្តពោធិ៍គិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ ដែលពលរដ្ឋខ្មែរស្គាល់ជាទូទៅថា ខេត្តព្រះត្រពាំង ខ្មែរកម្ពុជាក្រោម នៅថ្ងៃទី២៧-២៨ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំប្រារព្ធពិធីសម្ពោធសាលាធម្មសភា២ជាន់ សមណកុដិ ខ្លោងទ្វាររោងទាន និងខួបអនុស្សាវរីយ៍ ១២០ឆ្នាំកសាងវត្ត ព្រមទាំងមហាសង្ឃទានថ្វាយ ប្រគេនព្រះសង្ឃចំនួន ៥០០អង្គ នៅក្នុងវត្តស្វាយសៀមថ្មី ដោយអញ្ជើញតារាចម្រៀងខ្មែរកណ្តាលប្រមាណ ១០នាក់ ទៅច្រៀងកម្សាន្តក្នុងកម្មវិធីដ៏ធំនេះ។
ការចូលរួមច្រៀងកម្សាន្តខាងលើ ក៏រៀបចំឡើងតាមរយៈការរៀបចំរបស់លោក សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក មាស រដ្ឋា ទីប្រឹក្សាក្រសួងការពារជាតិ ដើម្បីជាការផ្សារភ្ជាប់សិល្បៈ វប្បធម៌ ប្រពៃណី រវាងបងប្អូនខ្មែរក្រោម និងបងប្អូនខ្មែរកណ្តាល ហើយជាការប្តូរបទពិសោធន៍គ្នា និងជាការរឹតចំណងអនុស្សាវរីយ៍រវាងសិល្បករខ្មែរក្រោម និងខ្មែរកណ្តាលផងដែរ៕