សាស្ត្រាចារ្យសាកលវិទ្យាល័យតូក្យូ ចាប់អារម្មណ៍ស្វែងយល់បន្ថែមអំពីកម្ពុជា និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

17-07-2025 20:56

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក KAWASHIMA Shin សាស្រ្តា​ចារ្យ​ផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យតូក្យូ ចូលជួបសម្តែងការ​គួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួបនេះ លោកសាស្ត្រាចារ្យបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកសាស្ត្រាចារ្យ​បាន​គោរពជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក និងសហការី គឺ​ដើម្បីស្វែងយល់បន្ថែមអំពីប្រទេសកម្ពុជា, ការអភិវឌ្ឍ សង្គម -សេដ្ឋកិច្ច និងនយោ​បាយការបរទេស តាមរយៈការជួបពិភាក្សាជាមួយតំណាងក្រសួង-ស្ថាប័ន និងគ្រឹះស្ថាន​ឧត្តម​សិក្សាមួយចំនួន។

ជាមួយគ្នានេះ លោកសាស្ត្រាចារ្យ ក៏បានគោរពស្នេីសុំសម្តេចមហាបវរធិបតី ចែក​រំលែកអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង​ការពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន។

ជាការឆ្លើយតប សម្តេចមហាបវរធិបតី បានសម្តែងការស្វាគមន៍ចំពោះ​ដំណើរទស្សន​កិច្ច​របស់លោកសាស្ត្រាចារ្យ និងសហការីនៅកម្ពុជា ក៏ដូចជាបំណងស្វែងយល់​អំពី​ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ សម្ដេចមហាបវរធិបតីក៏បានគូសបញ្ជាក់ថា ជប៉ុន​ គឺជាមិត្តដ៏ល្អរបស់កម្ពុជា និងជាដៃគូដ៏សំខាន់ ដែលបានចូលរួមចំណែកដល់​ដំណើរ​ការស្វែងរកសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

សម្តេចមហាបវរធិបតី បានលើកឡើងថា គោលនយោបាយអាទិភាពរបស់រាជ​រដ្ឋាភិ​បាលនីតិកាលទី៧ នៃរដ្ឋសភា គឺផ្តោតការយកចិត្តទុកដាក់លើប្រជាជនជាចម្បង សំដៅ​លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសេីរឡេីង តាមរយៈការ​ជំរុញ​វិស័យសុខាភិបាល, អប់រំ, ការបង្កើតការងារ និងការបង្កើតបរិយាកាស​អំណោយផល​សម្រាប់​ធុរកិច្ច និងវិនិយោគ។

សម្ដេចមហាបវរធិបតី និងលោកសាស្ត្រាចារ្យក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និង​អន្តរជាតិ ដែលពាក់ព័ន្ធនឹងការរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និង​វិបុលភាព របស់តំបន់ និងសកលលោក ក្នុងបរិការណ៍ដែលពិភពលោក​កំពុងប្រឈម​នឹងភាពមិនប្រាកដប្រជា៕