វិភាគអន្តរជាតិ៖ សម្រាប់រុស្ស៉ី កូរ៉េខាងជើងឥលូវជាសម្ព័ន្ធមិត្តសំខាន់ជាងចិន និងអ៉ីរ៉ង់
17-07-2025 20:50
(វ៉ាស៊ីនតោន)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសម្រក់ទឹកភ្នែក នៅចំពោះមុខមឈូសដាក់សពទាហានម្នាក់គ្របដោយទង់ជាតិកូរ៉េខាងជើង នៅឯសាលមួយ ក្នុងទីក្រុងព្យុងយ៉ាង កាលពីខែមិថុនាកន្លងទៅ ចំខួបមួយឆ្នាំនៃកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកដែលត្រូវបានចុះហត្ថលេខាដោយលោក គីម និងសមមត្តិរុស្ស៉ីរបស់លោក គឺលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ សពទាហានខាងលើស្ថិតក្នុងចំណោមសពទាហានកូរ៉េខាងជើង ៦នាក់ត្រូវបានតម្រៀបក្នុងមឈូសជាជួរៗ។ ពួកគេត្រូវបានសម្លាប់ នៅក្នុងសមរភូមិសង្រ្គាមជួយកងទ័ពរុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន។
ខណៈប្រទេសក្នុងតំបន់អឺរ៉ុបដែលជាសមាជិក NATO រួមទាំងសហរដ្ឋអាមេរិកបដិសេធបញ្ជូនកងទ័ពទៅជួយអ៊ុយក្រែនដោយផ្ទាល់ កូរ៉េខាងជើងវិញបានបញ្ជូនទាហានឱ្យទៅ ជួយជាកម្លាំងដល់កងទ័ពរុស្ស៉ី វាយបណ្ដេញកងទ័ពអ៊ុយក្រែនចេញពីតំបន់ Kursk ស្ថិតនៅភាគខាងលិចរុស្ស៉ី។ លោក Oleg Ignatov ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់ពីរុស្ស៉ីមកពី អង្គការ Crisis Group បាននិយាយថា «ឥលូវនេះសម្រាប់រុស្ស៉ី កូរ៉េខាងជើងជាសម្ព័ន្ធមិត្តសំខាន់ជាងចិន ឬអ៉ីរ៉ង់ទៅទៀត»។ ក្រៅពីបញ្ជូនទ័ព កូរ៉េខាងជើងក៏បានផ្គត់ផ្គង់អាវុធ ក្នុងនោះរួមមានទាំងមីស៊ីលទៅឱ្យទីក្រុងមូស្គូផងដែរ។ ប្រភពពីយោធារុស្ស៉ីបាននិយាយថាទាហានកូរ៉េខាងជើងជាកងទ័ពមានវិជ្ជាជីវៈ និងគោរពវិន័យ។ នៅពេលចូលរួមប្រយុទ្ធ ដំបូងក្នុងតំបន់ Kursk ទាហានកូរ៉េខាងជើងខ្វះខាតបទពិសោធន៍ក្នុងសង្រ្គាមសម័យទំនើប ជាពិសេសគឺការប្រើដ្រូន។ ប៉ុន្តែពួកគេអាចសម្របខ្លួនបានយ៉ាងឆាប់រហ័ស។
កូរ៉េខាងជើងទទួលបានផលប្រយោជន៍យ៉ាងធំពីការបញ្ជូនទ័ព និងអាវុធទៅជួយរុស្ស៉ី។ និយាយពីយោធា តាមរយៈការបញ្ជូនទ័ព និងអាវុធទៅជួយរុស្ស៉ី កូរ៉េខាងជើងអាចរៀនសូត្រពី សង្រ្គាមសម័យទំនើប និងធ្វើតេស្ដសមត្ថភាពអាវុធក្នុងសមរភូមិពិតៗ ខណៈកូរ៉េខាងត្បូងមិនទាន់អាចធ្វើបានទេ។ នេះជាការយល់ឃើញរបស់លោកស្រី Rachel Minyoung Lee ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់ មកពីស្ថាប័ន 38 North នៃមជ្ឈមណ្ឌល Stimson Center មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ និយាយពីគោលនយោបាយវិញ ការធ្វើឱ្យប្រសើរឡើងនូវ ទំនាក់ទំនងជាមួយរុស្ស៉ី បានផ្ដល់យុទ្ធសាស្ត្របត់បែនដ៏សម្បើមដល់លោក គីម ជុងអ៊ុន ដោយសារតែក្នុងពេលភ្លាមៗ កូរ៉េខាងជើងទទួលបានផលចំណេញពីរុស្ស៉ី ដូចជាប្រេង និងស្បៀងអាហារ រហូតដល់អាចជាការផ្ទេរបច្ចេកវិទ្យាយោធារបស់រុស្ស៉ីឱ្យកូរ៉េខាងជើង។
លើសពីនេះទៅទៀត លោកស្រី Rachel យល់ថាតាមរយៈការពង្រឹងទំនាក់ទំនងជាមួយរុស្ស៉ី កូរ៉េខាងជើងអាចនឹងមិនសូវចាប់អារម្មណ៍ឡើយចំពោះការកិច្ចចរចាជាមួយអាមេរិក និងកូរ៉េខាងត្បូង ហើយទំនាក់ទំនងរបស់កូរ៉េខាងជើងជាមួយរុស្ស៉ីទៀតសោត នឹងផ្ដល់ឱ្យលោក គីម នូវអំណាចចរចាកាន់តែខ្លាំងជាមួយចិន។ នៅក្នុងសម័យសង្រ្គាមកូរ៉េ ឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ កូរ៉េខាងជើងត្រូវជំពាក់គុណអតីតសហភាពសូវៀត និងចិន ដែលជាអ្នកគាំទ្រការបង្កើតរដ្ឋកុម្មុយនិស្ដកូរ៉េខាងជើង។ សហភាពសូវៀតបានបន្តរក្សាទំនាក់ទំនង ជិតស្និទ្ធជាមួយកូរ៉េខាងជើង រហូតដល់ទីបញ្ចប់នៃសង្រ្គាមត្រជាក់។
ប៉ុន្តែបន្ទាប់ពីអតីតសហភាពសូវៀតដួលរលំអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ កូរ៉េខាងជើងបានបាត់បង់សម្ព័ន្ធមិត្តដ៏សំខាន់មួយដែលជាអ្នកផ្ដល់ជំនួយ ជាហេតុធ្វើឱ្យកូរ៉េខាងជើង ធ្លាក់ចូល ក្នុងគ្រោះមហន្តរាយគ្រោះទុរភិក្ស។ ទំនាក់ទំនងជាមួយរុស្ស៉ីក្រោយសូវៀតដួលរលំមិនមានអរិភាពទេ តែក៏មិនស្និទ្ធស្នាលនោះដែរ។ ក្នុងទសវត្សរ៍ឆ្នាំ២០០០ និង២០១០ រុស្ស៉ីថែមទាំងចូលរួមក្នុងការដាក់ទណ្ឌកម្មក្រោមក្របខណ្ឌ UN ជុំវិញកម្មវិធីនុយក្លេអ៊ែរ និងការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សរបស់កូរ៉េខាងជើង។ តែទោះជាបែបនេះក្ដី លោក Neimat Khalilov ជាអ្នកវិទ្យាសាស្ត្រនយោបាយ និងជាសមាជិកម្នាក់នៃក្លឹបអ្នកជំនាញ Digoria បាននិយាយថាតាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២២ កូរ៉េខាងជើង និងរុស្ស៉ីបានឈានចូលដល់ដំណាក់កាលថ្មីនៃទំនាក់ទំនងប្រកបដោយគុណភាព។
ទីក្រុងព្យុងយ៉ាងបានបញ្ជាក់ជំហរច្បាស់ៗតាំងពីសង្រ្គាមផ្ទុះឡើងដំបូងម្ល៉េះ ដោយជាប្រទេសមួយក្នុងចំណោម៥ ដែលបានបោះឆ្នោតប្រឆាំងជំទាស់នឹងដំណោះស្រាយ UN ដើម្បីថ្កោលទោសការឈ្លានពានរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែន នៅឯកិច្ចប្រជុំបន្ទាន់របស់ UN។ ប្រទេសផ្សេងទៀតដែលបានបោះឆ្នោតជំទាស់ដែរនោះ គឺបេឡារុស អេរីត្រេ ស៊ីរី និងរុស្ស៉ីខ្លួនឯង។ លោក Khalilov បានកត់សម្គាល់ថាការបញ្ជូនទ័ពកូរ៉េខាងជើងជាង ១៥០០០នាក់ ទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ីក្នុងប្រតិបត្តិការវាយបណ្ដេញ កងទ័ពអ៊ុយក្រែនចេញពីតំបន់ Kursk ធ្វើឡើងអនុលោមតាមមាត្រា៤ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលត្រូវបានចុះហត្ថលេខាដោយលោក ពូទីន និងលោក គីម កាលពីខែមិថុនា ឆ្នាំ២០២៤។ មាត្រានេះបានកំណត់ឱ្យរុស្ស៉ី ឬកូរ៉េខាងជើងត្រូវផ្ដល់ជំនួយយោធា និងជំនួយដទៃទៀត ក្នុងករណីភាគីម្ខាងណារងការឈ្លានពានពីបរទេស។
វិមានក្រឹមឡាំងកាលពីដំបូងបានបដិសេធចំពោះសេចក្ដីរាយការណ៍ពីវត្តមានកងទ័ពកូរ៉េខាងជើងក្នុងសង្រ្គាមអ៊ុយក្រែន។ តែរហូតដល់ខែមេសា ឆ្នាំ២០២៥ ទើបរុស្ស៉ី និងកូរ៉េខាងជើង ទទួលស្គាល់ជាផ្លូវការថាកងទ័ពរបស់ប្រទេសទាំង២កំពុងប្រកៀកស្មាគ្នាប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែន ដោយក្នុងនោះលោក ពូទីន បានអរគុណដល់កូរ៉េខាងជើងចំពោះបង្ហាញ សាមគ្គីភាពជាមួយការធ្វើសកម្មភាពជាក់ស្ដែង និងជាសមមិត្តដ៏ពិតប្រាកដ។ ក្រុមមន្ត្រីរុស្ស៉ីវិញបានសន្យាជាមួយកូរ៉េខាងជើងថាទាហានដែលស្លាប់ក្នុងសមរភូមិនឹងទទួលបាន ការលើកតម្កើងក្នុងតំបន់ Kursk តាមរយៈការសង់បូជនីយស្ថាន និងដាក់ឈ្មោះផ្លូវតាមឈ្មោះរបស់ពួកគេ៕